ព័ត៌មានសុខភាព

វិធីធម្មជាតិ៣យ៉ាង ជួយលាងធ្មេញឲ្យសស្អាតដោយមិនចាំបាច់ចាយលុយ

ដើម្បីទទួលបានធ្មេញសស្អាត មនុស្សភាគច្រើនតែងតែសុំជំនួយពីគ្រូពេទ្យ ឬទិញផលិតផល​ថ្លៃៗមកប្រើប្រាស់។ ប៉ុន្តែ ប្រសិនបើអ្នក​មិនចង់ចំណាយប្រាក់​ខ្ជះខ្ជាយ អាចសាកល្បង​ជាមួយនឹងវិធីសាស្ត្រធម្មជាតិ​ដូចជា អំបិល សំបកក្រូចពណ៌លឿង និង​ស្លឹកស្តៅ ជាដើម។ បើយោង​តាមគេហទំព័រ wittyfeed បង្ហាញថា វិធីសាស្ត្រទាំងនេះ​ពិតជា​មានប្រសិទ្ធភាព​ក្នុងការ​លាង​ជម្រះធ្មេញ ហើយ​គ្មាន​ផល​ប៉ះពាល់​ដល់សុខភាព​ឡើយ។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រធម្មជាតិ៣យ៉ាង ដែលអាចជួយឲ្យធ្មេញសស្អាត​ដូចបំណងៈ

១.សំបកក្រូចពណ៌លឿង
នេះគឺជាវិធីដ៏សាមញ្ញបំផុត ដោយគ្រាន់តែអ្នកយកសំបកក្រូច​មួយចំណិត មកត្រដុសនៅលើធ្មេញ​ឲ្យសព្វ ប៉ុន្តែត្រូវដុស​សំបកផ្នែក​ខាង​ក្នុង។ បន្ទាប់មកធ្វើការដុស​សម្អាតធ្មេញ​ដូចទម្លាប់ធម្មតា​ជាការស្រេច។ ប្រសិនបើអ្នកអនុវត្ត​វិធីនេះ​ជារៀងរាល់ថ្ងៃ ធ្មេញរបស់​អ្នក​នឹងប្រែជាស​បន្តិចម្តងៗ​រហូតដូចបំណង។

២.អំបិល
កុំគិតថា អំបិលគ្រាន់តែជាគ្រឿងទេស​សម្រាប់បង់នៅក្នុង​សម្លរឲ្យសោះ តាមពិតវាក៏មានប្រសិទ្ធភាព​កម្ចាត់ស្នឹម​ពណ៌លឿនៅ​លើធ្មេញ​ដែរ។ អ្នកគ្រាន់តែយក​អំបិល និងម្សៅសូដា(baking soda) លាយក្នុងបរិមាណស្មើគ្នា រួចប្រើច្រាស់ដុស​សម្អាតធ្មេញ​របស់អ្នក​ថ្នមៗឲ្យសព្វ ទើបខ្ពុរមាត់​ចេញ។ សូមព្យាយាម​អនុវត្តវិធីនេះ មួយសប្តាហ៍ឲ្យបាន​៣ទៅ៤ដង ធ្មេញរបស់អ្នក​នឹងប្រែជា​សយ៉ាងឆាប់​រហ័សបំផុត។

៣.ស្លឹកស្តៅ
មនុស្សភាគច្រើនមិនចូលចិត្តរសជាតិល្វីងរបស់​ស្លឹក​ស្តៅនោះទេ ក៏ប៉ុន្តែរសជាតិល្វីងនេះហើយ​ដែលជាថ្នាំព្យាបាលជំងឺ ព្រមទាំង​អាចជួយឲ្យធ្មេញ​សស្អាត​ផងដែរ។ សូមបេះស្លឹកស្តៅមក​បុកឲ្យម៉ត់ រួចដុសស្អាតនៅ​លើធ្មេញឲ្យសព្វ​កន្លែង ទើបខ្ពុរមាត់ចេញ​ជាមួយ​ទឹក​ធម្មតា។ អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ វានឹងជួយជម្រះ​ស្នាម​ប្រលាក់​ពណ៌លឿង​ដែលនៅជាប់នឹង​ធ្មេញ​បន្តិចម្តងៗ​រហូតទាល់តែ​អស់។

វិធីសាស្ត្រធម្មជាតិទាំង៣យ៉ាងនៅ​ខាងលើនេះ អ្នកអាចប្រើប្រាស់​មួយណាក៏​បានដែរ បើគិតថា​ងាយស្រួល ជាពិសេស​វិធីនេះ​មិនបង្កផលប៉ះពាល់​ដល់សុខភាព​ឡើយ៕

មតិយោបល់