បញ្ហាសត្វចូលត្រចៀក ភាគច្រើនតែងតែកើតមានចំពោះកុមារតូចៗ ព្រោះពួកគេចូលចិត្តលេងនៅក្បែរៗព្រៃ ឬសួនច្បារមុខផ្ទះជាដើម។ ប្រសិនបើមានករណីបែបនេះកើតឡើងមែន អ្នកត្រូវប្រញាប់រកវិធីដោះស្រាយភ្លាម ព្រោះការបណ្តោយទុកយូរអាចធ្វើឲ្យមានការឈឺចាប់ ឬមានផលវិបាកផ្សេងៗកើតឡើង។ ប៉ុន្តែ ក្នុងអំឡុងពេលនេះអ្នកត្រូវតែដឹងពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីកុំឲ្យបញ្ហាកាន់តែអាក្រក់។
អ្វីដែលអ្នកគួរធ្វើ
ក្នុងស្ថានភាពបែបនេះ អ្នកគួរតែប្រើប្រាស់ប្រេងអូលីវកំដៅឲ្យក្តៅឧណ្ឌៗ រួចចាក់ចូលទៅក្នុងរន្ធត្រចៀក ពេលនោះសត្វល្អិននឹងអណ្តែតចេញមកក្រៅ។ ប៉ុន្តែប្រការដែលសំខាន់អ្នកមិនត្រូវប្រើប្រេងក្តៅពេកនោះទេ ហើយវិធីនេះប្រើបានចំពោះតែសត្វល្អិតប៉ុណ្ណោះ មិនមែនវត្ថុនោះឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើក្រដាសត្រចៀករបស់អ្នកមានបញ្ហាធ្លុះធ្លាយកុំប្រើប្រេងឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យឈឺចាប់ ខ្សោយត្រចៀក ឬមានការហូរឈាមជាដើម។
ចំណែកឯវិធីមួយទៀត គឺប្រើស្រា និងសំឡីកប្បាស។ សូមចាក់ស្រាទៅលើសំឡីកប្បាសឲ្យសើម បន្ទាប់មកពូត២ទៅ៣ដំណក់បន្តក់ចូលទៅក្នុងត្រចៀក ព្រោះក្លិនខ្លាំងនៃស្រាអាចបង្ខំឲ្យសត្វរត់ចេញមកក្រៅបាន។
អ្វីដែលអ្នកមិនគួរធ្វើ
ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះ មិនគួរប្រើប្រាស់ឈើ ឬសំឡីត្បាល់ត្រចៀកឡើយ ព្រោះវាអាចរុញសត្វចូលទៅក្នុងកាន់តែជ្រៅ ហើយបណ្តោលឲ្យប៉ះពាល់ដល់ក្រដាស់ត្រចៀកថែមទៀត។
ម្យ៉ាងវិញទៀត អ្នកក៏មិនគួរប្រើដៃរុកចូលទៅក្នុងត្រចៀកដែរ ព្រោះការបង្ខំបែបនេះអាចធ្វើឲ្យសត្វខាំត្រចៀកនាំឲ្យកើតមានបញ្ហាកាន់តែខ្លាំង។
ទោះជាយ៉ាងណា ប្រសិនបើអ្នកលំបាកក្នុងការយកសត្វល្អិតចេញពីត្រចៀក ឬយកមិនចេញទេ គួរតែទៅជួបគ្រូពេទ្យភ្លាម៕
ប្រភពៈ healthylifehouse
មតិយោបល់