ស្បែកមុខរបស់មនុស្សម្នាក់ៗមានសភាពខុសៗគ្នា ជួនកាលអ្នកខ្លះកើតមុនហើយគ្រាន់តែបន្សល់ស្នាមខ្មៅៗនៅលើស្បែកប៉ុណ្ណោះ ប៉ុន្តែអ្នកខ្លះទៀតអាចបន្សល់ទាំងស្នាមខូង ដែលធ្វើឲ្យផ្ទៃមុខរបស់ពួកគេងមានសភាពគគ្រើមបាត់បង់ភាពទាក់ទាញអស់រលីង។
ប៉ុន្តែ បើយោងតាមគហទំព័រ Brightside បានបង្ហាញថា បញ្ហាស្លាកស្នាមដែលបន្សល់ពីការកើតមុនទាំងនេះអាច កាត់បន្ថយបាន ដោយប្រើប្រាស់គន្លឹះសាមញ្ញៗ ៣ចំណុច។
១.ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ ត្រូវបានគេប្រើប្រាស់អស់ជាច្រើនទស្សវត្តមកហើយ ក្នុងការថែរក្សាសម្រស់ ព្រោះសារធាតុជែលទន់ត្រជាក់របស់វាអាចជួយពន្លឿនដល់ដំណើរស្តារឡើងវិញនៃស្បែកដែលខូច និងមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក។
អ្នកគ្រាន់តែកាត់យកស្លឹកប្រទាកន្ទុយក្រពើមួយធាង រួចពុះយកសាច់របស់វាមកជូតនៅត្រងតំបន់ដែលមានបញ្ហា។ ធ្វើការម៉ាស្សារាងជារង្វង់ឲ្យបាន ១នាទី ហើយទុកឲ្យវាជ្រាបចូលជ្រៅក្នុងផ្ទៃស្បែករយៈពេល ៣០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។ អនុវត្ត មួយថ្ងៃពីរ ដង គឺពេលព្រឹក និងពេលល្ងាច ដើម្បីឲ្យឆាប់ទទួលបានផល។
២.ទឹកខ្មេះប៉ោម និងទឹកឃ្មុំ
ដោយសារតែលក្ខណៈសម្បត្តិប្រឆាំងនឹងអុកស៊ីដកម្ម និងអង់ទីអុកស៊ីដង់ ទឹកខ្មេះប៉ោម ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ជាថ្នាំសម្លាប់មេរោគតាមបែបធម្មជាតិ។ លើសពីនេះ វាក៏អាចកម្ចាត់ស្លាកស្នាមចាស់ៗ ដែលបង្កឡើងដោយសារតែបញ្ហាមុនផងដែរ។
សូមលាយទឹកខ្មេះប៉ោម និងទឹកឃ្មុំ ១ស្លាបព្រាស្មើ បន្ទាប់មកអនុវត្តត្រង់តំបន់ដែលមានបញ្ហា។ ត្រូវរងចាំរយៈពេល ១០នាទី ទើបលាងសម្អាតចេញដោយប្រើទឹកធម្មតា ហើយអ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច មួយថ្ងៃម្តង។
៣.ប្រេងអូលីវ និងប្រេងដូង
ប្រេងធម្មជាតិទាំងពីរប្រភេទនេះ មានប្រសិទ្ធភាពអស្ចារ្យខ្លាំងណាស់ក្នុងការជួសជុលស្បែកដែលខូច ដោយជំរុញដល់ការផលិតប្រទាប់កូឡាជែន ឡើងវិញ។ ប្រេងអូលីវ សម្បូរទៅដោយវីតាមីនសំខាន់ៗ ដែលអាចជួយលើកកម្ពស់ដល់ការព្យបាលស្នាមមុន រក្សាសំណើមដល់ស្បែក និងធ្វើឲ្យស្បែកមានភាពស្រស់ថ្លា។
សូមលាយប្រេងទាំងពីរនេះក្នុងបរិមាណស្មើគ្នា ហើយលាបនៅត្រង់កន្លែងដែលមានស្នាមរយៈពេល ១០ ទៅ ១៥នាទី ទើបលាងសម្អាតចេញ។ ក្នុងមួយថ្ងៃ អ្នកត្រូវអនុវត្តឲ្យបាន ៣ដង ដើម្បីឆាប់សម្រេចដូចបំណង៕
ដកស្រង់ពី៖ brightside
មតិយោបល់