ចាប់តាំងពីកុមារភាពមក យើងត្រូវបានណែនាំឲ្យទម្លាប់ធ្វើអនាម័យមាត់ធ្មេញយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលល្ងាចមុនចូលគេង។ តែប្រសិនបើ អ្នកមិនបានដុសធ្មេញឲ្យបានទៀងទាត់ ឬមួយថ្ងៃបានតែមួយដង ច្បាស់ជាប្រឈមនឹងហានិភ័យកំណកកំបោរ ដោយសារតែកំទេចកំទីអាហារនៅតាមចន្លោះជើងធ្មេញ។
នៅពេលដែលធ្មេញមិនបានសម្អាតយូរៗទៅ អ្នកនឹងឈឺធ្មេញ ឆ្លងមេរោគអញ្ចាញធ្មេញ ដង្កូវស៊ីធ្មេញ និងក្លិនមាត់មិនល្អ។ លើសពីនេះទៅទៀត ប្រសិនបើធ្មេញមិនមានសុខភាពល្អ អាចបង្កឲ្យកើតមានជំងឺបេះដូង ព្រោះបាក់តេរីក្នុងមាត់អាចធ្វើដំណើរចូលទៅកាន់បេះដូងតាមរយៈឈាម។
ហេតុនេះហើយ ដើម្បីការពារគ្រោះថ្នាក់ដល់សុខភាព អ្នកត្រូវដឹងពីរបៀបប្រើប្រាស់ច្រាស់ដុសធ្មេញឲ្យបានច្បាស់។
១.អ្នកមិនត្រូវប្រើច្រាស់រួមគ្នាជាមួយនឹងអ្នកដទៃឡើយ ដោយសារតែបាក់តេរីអាចរីករាលដាលមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈច្រាស់បានយ៉ាងលឿន។
២.អ្នកមិនគួរយកថង់ប្លាស្ទិច ឬក្រដាស គ្រប់ពីលើច្រាស់ដុសធ្មេញឡើយ ព្រោះវាជាប្រភពបាក់តេរីដែលមានគ្រោះថ្នាក់បំផុត។
៣.ជៀសវាងដាក់ច្រាសផ្តេកទៅលើផ្ទៃផ្សេងៗ ព្រោះវាអាចរក្សាសំណើមរយៈពេលយូរ និងអនុញ្ញាតឲ្យបាក់តេរីរីកឆាប់លូតលាស់។ យកល្អ អ្នកគួរតែដាក់ច្រាស់បឈ្ឈរ បន្ទាប់ពីប្រើប្រាស់រួច។
៤.រឿងចុងក្រោយ អ្នកត្រូវដូរច្រាស់ដុសធ្មេញរៀងរាល់៣ខែម្តង ដោយសារតែច្រាស់ដុសធ្មេញចាស់អាចមានផ្ទុកបាក់តេរីច្រើន ដែលងាយនឹងបង្កជាជំងឺផ្សេងៗ៕
ប្រភពៈ soha
មតិយោបល់