ព័ត៌មានសុខភាព

គួរឲ្យបារម្ភ! ក្មេងជាង១០០នាក់បានស្លាប់ដោយសារតែថ្នាំសម្លាប់សត្វល្អិតនៅជាប់ផ្លែគូលែន

កុមារជាង ១០០នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទទួលទានផ្លែគូលែន នៅក្នុងតំបន់ Muzaffarpur ប្រទេសឥណ្ឌកាលពីឆ្នាំ ២០១៤ ហើយបើតាមការសិក្សារកឃើញថា ការស្លាប់នេះ គឺមិនមែនបណ្តោលមកពីផ្លែគូលែននោះទេ ប៉ុន្តែវាបង្កឡើងដោយសារថ្នាំសម្លាប់សត្វល្អិត។

ការស្រាវជ្រាវដែលចុះផ្សាយក្នុងកាសែត American Journal of Tropical Medicine and Hygiene បានបង្ហាញថា ថ្នាំសម្លាប់សត្វល្អិតមួយចំនួន រួមបញ្ចូលទាំងថ្នាំ endosulfan ត្រូវបានហាមឃាត់ចាប់តាំងពីឆ្នាំ ២០១១ ព្រោះវាអាចធ្វើឲ្យខូចខួរក្បាលកុមារ។

នៅក្នុងអំឡុងពេលស្រាវជ្រាវ អ្នកជំនាញបានសម្ភាសន៍ជាមួយក្រុមគ្រួសារកម្មករ ដែលធ្វើការនៅចម្ការគូលែន បានឲ្យដឹងថា កុមារដែលទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុតដោយសារតែទម្លាប់ញ៉ាំផ្លែគូលែន ខាំទាំងសំបក។ កត្តាមួយនេះហើយ ធ្វើឲ្យសារធាតុគីមីជ្រាបចូលទៅក្នុងរាងកាយ នាំឲ្យកុមារហើមខួរក្បាល ដែលមានលក្ខណៈស្រដៀងទៅនឹងរោគសញ្ញានៃជំងឺរលាកស្រោមខួរ។

ទោះជាយ៉ាងណា នៅដើមខែមករា ឆ្នាំ២០១៧ នេះ កាសែត The Lancet Global Health បានចុះផ្សាយផងដែរថា ការស្លាប់នេះបណ្តោលមកពីផ្លែឈើ បន្ទាប់ពីពួកគេបានស្រាវជ្រាវទៅលើអ្នកជំងឺចំនួន ៣៩០នាក់ ដែលបានទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកចំនួនពីរនៅក្នុងតំបន់ Muzaffarpur កាលពីចន្លោះថ្ងៃទី ២៦ខែឧសភា និងថ្ងៃទី១៧ខែកក្តា ឆ្នាំ ២០១៤ ជាមួយនឹងរោគសញ្ញារលាកខួរក្បាល។

ពួកគេបានសន្និដ្ឋានទៀតថា ការទទួលទានផ្លែគូលែន ដោយមិនទទួលទានអាហារពេលល្ងាច បណ្តោលឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ និងកើតជំងឺរលាកខួរក្បាល ដែលធ្វើឲ្យប្រកាច់ សន្លប់ និងស្លាប់ក្នុងករណីធ្ងន់ធ្ងរ។

ដូច្នេះហើយ ដើម្បីកាត់បន្ថយហានិភ័យកម្រិតជាតិពុលនៅក្នុងផ្លែឈើ អ្នកគួរអនុវត្តតាមវិធីខាងក្រោមៈ

១.លាងសម្អាតផ្លែឈើជាមួយនឹងទឹកអំបិល
បន្ថែមអំបិលបន្តិចចូលទៅក្នុងទឹក រួចលាងសម្អាតផ្លែឈើដោយម៉ត់ចត់បំផុត។ ធ្វើបែបនេះវាអាចជួយកម្ចាត់ថ្នាំសម្លាប់សត្វល្អិតនៅជាប់នឹងសំបក ហើយអ្នកក៏អាចអនុវត្តនៅលើបន្លែផងដែរ។

២.ត្រាំផ្លែឈើជាមួយនឹងទឹកក្តៅឧណ្ឌៗ
ចាក់ទឹកក្តៅចូលទៅក្នុងចានដែកធំមួយ រួចត្រាំប្រហែលជា ១០ទៅ១៥នាទី មុននឹងយកមកប្រើប្រាស់។

៣.ប្រើទឹកខ្មេះ
បន្ថែមទឹកខ្មេះកន្លះកែវ លាយជាមួយនឹងទឹកស្អាតឲ្យសមល្មមអាចត្រាំបន្លែផ្លែឈើលិច រួចត្រាំមួយស្របក់អាចស្រង់ចេញវិញបាន៕

ប្រភពៈ boldsky

មតិយោបល់