សាច់ គឺជាអាហារដ៏ឆ្ងាញ់ពិសារ ហើយមានមនុស្សជាច្រើនណាស់ដែលចូលចិត្តទទួលទានស្ទើរតែរៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ បើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាលាវេជ្ជសាស្ត្រ Duke-NUS ប្រទេសសិង្ហបុរី បានរកឃើញថា ការទទួលទានសាច់ក្រហមច្រើនពេក អាចកើនឡើងហានិភ័យនៃការវិវត្តទៅរកជំងឺទឹកនោមផ្អែម ព្រោះសាច់ទាំងអស់នោះត្រូវបានគេសន្មត់ថា មានជាតិដែកកម្រិតខ្ពស់។
ការស្រាវជ្រាវនេះ បានវិភាគទៅលើមនុស្សចំនួន ៦៣,២៥៧នាក់ ដែលមានអាយុចន្លោះពី ៤៥ ទៅ៧៤ឆ្នាំ បន្ទាប់មកពួកគេបានតាមដានជាមធ្យមប្រហែលជា ១១ឆ្នាំ។ លទ្ធផលបានបង្ហាញថា ទំនាក់ទំនងសាច់ក្រហម អាចប្រឈមនឹងហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែមខ្ពស់បំផុត បើធៀបទៅនឹងអ្នកដែលទទួលទានសាច់ត្រី (អ្នកទទួលទានសាច់ក្រហមមានហានិភ័យ ២៣ភាករយ ខណៈដែលអ្នកទទួលទានត្រីមិនមានសោះ)។
មិនត្រឹមតែសាច់ក្រហមប៉ុណ្ណោះទេ សូម្បីតែសាច់សត្វផ្សេងៗទៀតក៏បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ដូចគ្នាដែរ ប្រសិនបើអ្នកទទួលទានច្រើន។
លោកបណ្ឌិត Annie Ling បាននិយាយថា អ្នកគួរតែកំណត់ការទទួលទានសាច់ក្រហមក្នុងកម្រិតមធ្យម ហើយទម្លាប់ទទួលទានអាហារដែលមានផ្ទុកប្រូតេអ៊ីនគ្រប់គ្រាន់ដូចជាត្រី និងបន្លែឲ្យបានច្រើន។ គួរបញ្ជាក់ផងដែរថា ការសិក្សានេះ ត្រូវបានចុះផ្សាយនៅក្នុងកាសែត American Journal of Epidemiology ៕
ប្រភព៖ thehealthsite
មតិយោបល់