ព័ត៌មានអន្តរជាតិ

បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នឹងបន្តការប្រឈមកាន់តែខ្លាំងទ្បើង នាពេលខាងមុខ

កូរ៉េៈ មន្ត្រីការទូតជាន់ខ្ពស់របស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បាននិយាយថា បញ្ហាអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយ សម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីការបរទេសលោកស្រី Kang Kyung-wha បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងសេអ៊ូលថា «បញ្ហានុយក្លេអ៊ែរនៅឧបទ្វីប នៅតែជាបញ្ហាចោទដ៏ខ្លាំងក្លាបំផុត លើកិច្ចការបរទេស និងសន្តិសុខរបស់កូរ៉េខាងត្បូង ហើយវានឹងបន្តអូសបន្លាយជាច្រើនឆ្នាំទៅមុខទៀត»។

ការថ្លែងរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ កាលពីសប្ដាហ៍មុន ដោយកូរ៉េខាងជើង បានអះអាងថា វាជាគ្រាប់បែកបរមាណូអ៊ីដ្រូសែន ដែលអាចបំពាក់នៅលើមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ។

គួរបញ្ជាក់ដែរថា ថ្វីបើក្រុងព្យុងយ៉ាង នៅតែបន្តទង្វើបង្កហេតុក្តី ក៏លោកស្រីបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តធ្វើការឆ្ពោះទៅរកសមិទ្ធផលសន្តិភាព ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់