ព័ត៌មានសុខភាព

នៅបារម្ភបញ្ហាស្នាមអុជខ្មៅទៀតមែនទេ? ៣វិធីនេះអាចជួយបាន

ជារឿយៗ ដើម្បីលាក់បាំងស្នាមអុជខ្មៅនៅលើស្បែក តើអ្នកតែងតែប្រើប្រាស់គ្រឿងសម្អាងមែនទេ? អ្នកត្រូវដឹងថា វិធីមួយនេះមិនអាចបិទបាំងបានជារៀងរហូតនោះទេ ក្រោយពេលលាងសម្អាតផ្ទៃមុខ អ្នកនឹងឃើញស្នាមខ្មោអណ្តែតត្រឡប់មកវិញ។ ដូច្នោះ តើយើងគួរធ្វើដូចម្តេច? កុំបារម្ភខ្លាំងពេក មិនមែនអត់វិធីដោះស្រាយនោះទេ អ្នកអាចប្រើប្រាស់វិធីធម្មជាតិងាយៗ៣យ៉ាង ស្នាមអុជខ្មៅនៅលើផ្ទៃមុខនឹងរលប់បន្តិចម្តងៗរហូតបាត់ស្រមោល។

ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ផ្លែឈើ៣ប្រភេទ ដើម្បីកម្ចាត់បញ្ហាស្នាមអុជខ្មៅនៅលើផ្ទៃមុខ៖

ផ្លែល្ហុងទុំ៖
១.ពុះល្ហុះមួយចំណិតឆ្កឹះយកគ្រាប់ និងសរសៃចេញពីផ្លែល្ហុងឲ្យស្អាត។
២.ចូកយកសាច់ល្ហុងក្នុងចានមួយ រួចប្រើស្លាបព្រាកិនឲ្យម៉ត់ជាល្បាយខាប់ៗ។
៣.ចាប់ផ្តើមអនុវត្តនៅលើផ្ទៃមុខឲ្យសព្វ។
៤.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល ៣០នាទី ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។
៥.សូមព្យាយាមអនុវត្តនៅពេលល្ងាចជាប្រចាំ។

ប៉េងប៉ោះទុំ៖
១.ពុះប៉េងប៉ោះទុំពីរបីផ្លែ ឆ្កឹះយកគ្រាប់ចេញឲ្យអស់។
២.កិនរហូតក្លាយទៅជាល្បាយ។
៣.ចាប់ផ្តើមលាបនៅលើផ្ទៃមុខដោយប្រើកម្លាំងថ្នមៗ។
៤.ទុករយៈពេល ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៥.សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានផល។

ទឹកក្រូចឆ្មារ៖
១.អ្នកគ្រាន់តែពុះយកក្រូចឆ្មារមួយចំណិត ហើយច្របាច់យកទឹកលាបត្រង់កន្លែងដែលមានស្នាមអុជខ្មៅ។
២.ទុករយៈពេល ១០ ទៅ ១៥នាទី ទើបលាងជម្រះជាមួយនឹងទឹកត្រជាក់ធម្មតា។
៣.ដើម្បីទទួលបានប្រសិទ្ធភាព ហើយធានាសុវត្ថិភាពចំពោះស្បែកសូមអនុវត្តនៅពេលល្ងាច។

នៅក្នុងចំណោមវិធីសាស្ត្រធម្មជាតិទាំង៣យ៉ាង ដែលបានបង្ហាញខាងលើនេះ អ្នកអាចប្រើមួយណាក៏បានដែរ ប្រសិនបើគិតថាងាយស្រួល៕

ប្រភព៖ boldsky

មតិយោបល់