ថៃៈ មនុស្សរាប់ពាន់នាក់ បាននាំគ្នាមកកាន់ទីក្រុងបាងកក ដើម្បីទស្សនាពិធីថ្វាយព្រះភ្លើង អតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅថ្ងៃព្រហស្បតិ៍នេះ ខណៈមានអាគារជាច្រើន ត្រូវបានតុបតែង និងរុំព័ទ្ធដោយក្រណាត់ពណ៌លឿង រួមទាំងអ្នកកាន់ទុក្ខជាច្រើននាក់ បានស្ថិតនៅតាមដងផ្លូវ មុនពេលប្រារព្ធពិធីថ្វាយព្រះភ្លើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
អ្នកកាន់ទុក្ខជាច្រើននាក់ បានស្លៀកពាក់ខ្មៅសម្រាកពេញមួយយប់ នៅលើកម្រាលស្តើង នៅលើផ្លូវក្រាលថ្មជិតនឹងព្រះបរមរាជវាំង ក្នុងរាជធានីរបស់ប្រទេសថៃ ដើម្បីធានាបានថា ពួកគេអាចទស្សនាការចាប់ផ្តើមពិធីនៅវេលាម៉ោង ៧ ព្រឹក បានយ៉ាងល្អប្រសើរ។
ពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រនេះ នឹងបង្ហាញពីពិធីបុណ្យជាលក្ខណៈបែបបុរាណ និងក្បួនដង្ហែរជាបន្តបន្ទាប់ ដែលចេញពីព្រះបរមរាជវាំង នៅទីលានក្នុងរាជធានីប្រវត្តិសាស្ត្របាងកក រហូតដល់ទីតាំងព្រះមែន មានកម្ពស់ ៥០ ម៉ែត្រ ដែលត្រូវបានគេកសាងឡើងនៅជិតទីលាននោះ។
សូមជំរាបថា សពរបស់អតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ត្រូវបានគេដង្ហែលចេញពីព្រះបរមរាជវាំង ទៅកាន់ព្រះមេនដោយរទេះរុញ ហើយការរៀបចំសម្រាប់ពិធីថ្វាយព្រះភ្លើង ដែលមានរយៈពេលមួយឆ្នាំកន្លងមកនេះ បានចំណាយប្រាក់អស់ជាង ៩០លានដុល្លារ៕
មតិយោបល់