លោកអ្នកដែលប្រើ iPhone ឬ iPad ប្រហែលជាធ្លាប់កត់សម្គាល់ឃើញហើយនូវលេខកូដច្រើនខ្ទង់វែងអន្លាយមានឈ្មោះខុសៗគ្នានៅលើឧបករណ៍របស់ខ្លួនជាមិនខាន។ តួយ៉ាងដូចជាលេខកូដ Serial Number, UDID និង IMEI ជាដើម។ តើធ្លាប់ឆ្ងល់ទេថាលេខកូដទាំងនោះគឺជាអ្វី? ប្រើសម្រាប់មុខងារអ្វីខ្លះ?
Serial Number:គឺជាលេខកូដសម្គាល់អត្តសញ្ញាណតែមួយគត់របស់ទូរសព្ទ iPhone លោកអ្នក។ ក្រុមហ៊ុន Apple ឬក្រុមហ៊ុនបណ្តាញទូរសព្ទចល័ត (Cellcard, Smart) នឹងសួររកលេខកូដនេះ នៅពេលដែលពួកគេផ្តល់ការគាំទ្រសម្រាប់ឧបករណ៍របស់លោកអ្នក ហើយអ្នកក៏នឹងត្រូវការលេខនេះផងដែរ នៅពេលចង់ទិញដូរវា។
UDID ឬ Your Unique Device Identifier:គឺជាលេខកូដសម្គាល់អត្តសញ្ញាណឧបករណ៍របស់លោកអ្នកផ្នែករូបរាងខាងក្រៅ ហើយវាត្រូវបានក្រុមអ្នកអភិវឌ្ឍកម្មវិធីប្រើ នៅពេលត្រូវការចុះឈ្មោះ iPhone ឬ iPad លើកម្មវិធី Apple Developer Program សម្រាប់ប្រើក្នុងការអភិវឌ្ឍកម្មវិធីសម្រាប់ដំណើរការជាមួយវា។
IMEI: គឺជាលេខកូដសម្គាល់ចំនួនឧបករណ៍ចល័តក្នុងសកលលោក ហើយវាក៏ជាលេខកូដសម្គាល់អត្តសញ្ញាណកម្មទូរសព្ទ iPhone របស់លោកអ្នកមួយផ្សេងទៀតផងដែរ។ លេខនេះ ត្រូវបានប្រើញឹកញាប់ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ ដើម្បីកំណត់អត្តសញ្ញាណត្រឹមត្រូវរបស់ទូរសព្ទនៅលើបណ្តាញរបស់ពួកគេ។ លោកអ្នកប្រហែលជាត្រូវការលេខកូដ IMEI នេះ នៅពេលដែលទូរសព្ទត្រូវបានចោរលួច និងចង់បញ្ឈប់ការប្រើប្រាស់។
Model Identifier: លេខកូដនេះ ត្រូវបានប្រើដើម្បីសម្គាល់ឈ្មោះម៉ូឌែលរបស់ iOS Devices (iPhone, iPad និង iPod Touch)។ ឧទាហរណ៍ ប្រសិនបើលោកអ្នកប្រើ iPhone 7 Plus វានឹងមានឈ្មោះសម្គាល់ម៉ូឌែល iPhone9,4៕
ប្រភពព័ត៌មានៈ imore
មតិយោបល់