ការឈឺ ឬហើមអញ្ចាញធ្មេញ គឺជារោគសញ្ញានៃជំងឺរលាកអញ្ចាញធ្មេញ ដែលមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ចំពោះការព្យាបាលឡើយ លុះត្រាតែមានសភាពធ្ងន់ធ្ងរទើបរត់រកគ្រូពេទ្យ។ អ្នកត្រូវចាំថា ការបណ្តែតបណ្តោយឲ្យអញ្ចាញធ្មេញកើតមានជំងឺរយៈពេលយូរអាចបណ្តោលឲ្យខូចធ្មេញ និងបង្កទៅជារលាកធ្ងន់រហូតក្លាយទៅជាជំងឺមហារីកមាត់ក៏មានដែរ។ ហេតុនេះ អ្នកត្រូវមានការប្រយ័ត្នឲ្យមែនទែនចំពោះបញ្ហាអញ្ចាញធ្មេញ ជាពិសេសសម្រាប់អ្នកដែលមិនចង់បាត់បង់ធ្មេញ។
ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហារលាកអញ្ចាញធ្មេញអ្នកអាចដោះស្រាយដោយខ្លួនឯងបាន ដោយប្រើវិធីងាយៗប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាវិធី៣យ៉ាង ដែលអាចជួយថែរក្សាអញ្ចាញធ្មេញឲ្យមានសុខភាពល្អ និងជៀសផុតពីជំងឺ៖
១.បង្កើនការទទួលទានវីតាមីនC
វីតាមីន C មានសារសំខាន់ខ្លាំងណាស់ចំពោះការថែរក្សាសុខភាពអញ្ចាញធ្មេញ។ ប្រសិនបើអ្នកកង្វះវីតាមីន C មេរោគផ្សេងៗនឹងងាយស្រួលវាយប្រហារមកលើអញ្ចាញធ្មេញខ្លាំងណាស់ ដែលធ្វើឲ្យអ្នកមានការឈឺចាប់។ ដូច្នេះរឿងដំបូងដែលអ្នកត្រូវធ្វើ គឺបង្កើនការទទួលទានវីតាមីន C នៅក្នុងរបបអាហារឲ្យបានច្រើន ជាពិសេសផ្លែក្រូច ផ្តាខាត់ណាពណ៌ខៀវ ឬថ្នាំគ្រាប់វីតាមីន C ជាដើម។
២.ប្រទាលកន្ទុយក្រពើ
ប្រទលកន្ទុយក្រពើ ត្រូវបានគេចាត់ទុកជាឱសថដ៏មានតម្លៃបំផុតសម្រាប់ថែបំប៉នសុខភាព ហើយវាក៏ត្រូវបានគេច្នៃធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺផ្សេងៗផងដែរ។ បើយោងតាមការសិក្សាមួយដែលបានធ្វើឡើងនៅប្រទេសឥណ្ឌាបានរកឃើញថា ប្រទាលកន្ទុយក្រពើ មានសមត្ថភាពអាចជួយព្យាបាលបញ្ហាឈឺអញ្ចាញធ្មេញ និងថែរក្សាអញ្ចាញធ្មេញឲ្យមានសុខភាពល្អផងដែរ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ព្យាយាមទទួលទានសាច់ប្រទាលកន្ទុយក្រពើស្រស់ យ៉ាងហោចណាស់ ១០០ក្រាមជារៀងរាល់ថ្ងៃ។
៣.ទទួលទានតែបៃតង
ក្រុមអ្នកស្រាវជ្រាវនៅប្រទេសជប៉ុន បានសិក្សាពីប្រសិទ្ធភាពនៃការទទួលទានតែបៃតង ទៅលើសុខភាពមាត់ធ្មេញបានរកឃើញថា ការទទួលទានតែបៃតងមួយពែងជារៀងរាល់ថ្ងៃ ចាប់ពី២សប្តាហ៍អាចកាត់បញ្ហាបញ្ហារលាកអញ្ចាញធ្មេញ ហើយជួយឲ្យធ្មេញ និងអញ្ចាញធ្មេញមានសុខភាពប្រសើរឡើងវិញ។ ដូច្នេះ ដើម្បីថែរក្សាសុខភាពមាត់ធ្មេញ ឲ្យមានសុខភាពល្អ សូមព្យាយាមទទួលទានតែបៃតងមួយថ្ងៃមួយពែងជាប្រចាំ។
ចំណាំ៖ ក្នុងករណីឈឺអញ្ចាញធ្មេញធ្ងន់ធ្ងរ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាមដើម្បីធ្វើការព្យាបាល ព្រោះវិធីធម្មជាតិខាងលើនេះមានប្រសិទ្ធភាពចំពោះតែការរលាកស្រាលៗតែប៉ុណ្ណោះ៕
មតិយោបល់