ព័ត៌មានសុខភាព

ឈប់ទៅ! ទម្លាប់គេងយកភួយគ្របមុខអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

មនុស្សមួយចំនួនតែងតែមានទម្លាប់គេងយកភួយគ្របមុខ មិនថារដូវក្តៅ ឬរដូវត្រជាក់នោះទេ ព្រោះគិតថាធ្វើឲ្យគេងលក់ស្រួល។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលមានទម្លាប់បែបនេះគួរតែឈប់ទៅ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសខ្សោយខួរក្បាលតែម្តង។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ធ្ងន់ធ្ងរ ៥ចំណុចដែលបណ្តោលមកពីការគេងយកភួយគ្របមុខ៖

មានការកើនឡើងនៃបាក់តេរី
តើអ្នកគិតថា ការយកភួយគ្របមុខមានសុវត្ថិភាព ហើយថែមទាំងគេងលក់ស្រួលមែនទេ? បើដូច្នោះមែនសូមពិចារណាឡើងវិញ ការគេងបែបនេះធ្វើឲ្យអ្នកពិបាកដកដង្ហើម កើតជំងឺហឺត ជំងឺបេះដូង និងបញ្ហាសួត ជាពិសេសប្រឈមហានិភ័យនៃបញ្ហាថប់ដង្ហើមកម្រិតខ្ពស់។

លើសពីនេះទៅទៀត ប្រសិនបើភួយក្រាស់ពេក អាចរំខានដល់ការស្រូបយកខ្យល់ដើម្បីបំពេញតម្រូវការរាងកាយទាំងមូល។ បើទោះបីជាបច្ចុប្បន្ននេះអ្នកដែលគេងយកភួយគ្រប់មុខមានហានិភ័យថប់ដង្ហើមតិចតួចក៏ដោយ ប៉ុន្តែជារៀងរាល់ឆ្នាំនៅតែមានអ្នកស្លាប់ដោយសារទម្លាប់មួយនេះ។

ដកដង្ហើមក្នុងបរិស្ថានកខ្វក់
ភួយដែលយើងដណ្តប់ជារៀងរាល់ថ្ងៃមិនត្រូវបានបោកសម្អាតទៀងទាត់នោះទេ ហេតុនេះវាកកុញទៅដោយភាពកខ្វក់ និងបាក់តេរី។ ការគ្របភួយនៅលើមុខធ្វើឲ្យអ្នកស្រូបយកភាពកខ្វក់ជាច្រើនចូលទៅក្នុងខ្លួន ហើយមិនយូរមិនឆាប់សុខភាពរបស់អ្នកនឹងជួបផលអាក្រក់។

លើសពីនេះទៅទៀត ការស្រូបយកខ្យល់កខ្វក់នៃភួយអាចបង្កឲ្យអាឡែកស៊ី ឬបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀត។ សូម្បីតែភួយថ្មីក៏មិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ដែរ ព្រោះវាមានផ្ទុកសារធាតុគីមីនៅពេលដំណើរការផលិត ដែលបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរប្រសិនបើអ្នកស្រូបយកជាតិគីមីទាំងនេះ។

បណ្តាលឲ្យគេងស្រម៉ុក
ការគេងស្រម៉ុក គឺជាបាតុភូតនៃការស្ទះផ្លូវដង្ហើម ហើយមានជាប់ទាក់ទងទៅនឹងកត្តាដទៃទៀតដូចជាភាពធាត់ និងលើសទម្ងន់។ ទោះបីជាយ៉ាងណាក៏ដោយ ទម្លាប់គេងយកភួយគ្របមុខ គឺជាកត្តោមួយនៅក្នុងចំណោមកត្តាជាច្រើនដែលបណ្តោលឲ្យគេងស្រម៉ុក។ ដូច្នេះ ប្រសិនបើអ្នកដឹងថា នៅពេលយកភួយគ្របមុខខ្លួនមានបញ្ហាគេងស្រម៉ុក គួរតែប្រញាប់ប្តូរទម្លាប់មួយនេះចោលទៅ។

គេងមិនបានលក់ស្រួល
រាងកាយអាចបង្កើតកម្ដៅកាន់តែខ្លាំង នៅពេលដែលអ្នកគេងគ្របភួយ មានន័យថាប្រភពកម្ដៅមិនបានជះចេញមកខាងក្រៅនោះទេ។ ទោះបីជារដូវរងាអ្នកគិតថា សកម្មភាពបែបនេះនឹងជួយឲ្យគេងលក់ស្រួលក៏ដោយ។ ក្នុងករណីភាគច្រើនរាងកាយនឹងមានភាពតានតឹង ព្រោះកម្ដៅភាយចេញពីខ្លួនកាន់តែកើនឡើង ហើយបែកញើសស្អិតពេញខ្លួន ដែលបណ្តោលឲ្យគេងមិនស្កប់ស្កល់។

លើសពីនេះទៅទៀត កង្វះនៃការគេងអាចបណ្តោលឲ្យអ្នកជួបផលលំបាក់មួយចំនួនដូចជា វិលមុខ ឈឺសាច់ដុំ ហើយក្នុងករណីខ្លះអាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ខូចខួរក្បាល
ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានទម្លាប់គ្របភួយនៅក្នុងពេលគេង នឹងទទួលរងនូវការខូចខាតផ្នែកខួរក្បាល។ ជាការពិតការសិក្សាមួយចំនួនទៀតក៏បង្ហាញដែរថា អ្នកដែលគេងបែបនេះ មានហានិភ័យនៃជំងឺរង្វេងរហូតល់ទៅ ២៣ភាគរយ។

លើសពីនេះទៅទៀតភាពតានតឹងនៃលំហូរខ្យល់តាមរយ:មាត់ និងច្រមុះដោយសារតែការគ្របភួយ ក៏បង្កើនហានិភ័យនៃការវិវត្តិទៅរកជំងឺបាត់ការចង់ចាំ និងជំងឺវង្វេងដែរ។ ជំងឺទាំងពីរនេះកើតមានឡើងនៅពេលដែលខួរក្បាលខ្វះការផ្គត់ផ្គងអុកស៊ីសែនបានគ្រប់គ្រាន់។

អាស្រ័យដូចដែលបានបង្ហាញខាងលើនេះ គ្រប់គ្នាគួរតែជៀសវាងគេងយកភួយគ្របមុខ ជាពិសេសអ្នកដែលមានទម្លាប់បែបនេះគួរតែបញ្ឈប់ទៅ៕

ប្រភព៖ soha

មតិយោបល់