ព័ត៌មានសុខភាព

ផលប៉ះពាល់នៃការទទួលទានទឹកឆ្អិន ដែលទុកចោលយូរ

ការទទួលទានទឹកឆ្អិនពិតជាមានសុវត្ថិភាព ប៉ុន្តែប្រសិនបើអ្នក​ទទួលទានទឹកឆ្អិន​ដែលទុកចោលយូរពេក អាចគ្រោះថ្នាក់ដល់សុខភាព​ទៅវិញ។ ក្រុមអ្នកជំនាញបានបង្ហាញថា ទឹកដែលដាំពុះនៅសីតុណ្ហភាព ១០០អង្សាសេ អាចសម្លាប់បាក់តេរីបាន តែក្នុងរយៈពេល ២ ម៉ោងក្រោយមក បាក់តេរីនឹងកើតមានម្តងទៀត ហើយវានឹងកើតឡើងកាន់តែច្រើន​ក្នុងពេល ២៤ ម៉ោង។

យោងតាមគេហទំព័រ soha បានចុះផ្សាយថា បាក់តេរីជាច្រើនត្រូវបានបំផ្លាញ់នៅសីតុណ្ហភាព ៦០អង្សាសេ ក្នុងរយៈពេល ១០នាទី ឬក៏ ១០០អង្សាសេ ក្នុងរយៈពេល ៥នាទី។ ទោះជាយ៉ាងណា បាក់តេរីមាននៅគ្រប់ទីកន្លែងទាំងអស់មិនថា ក្នុងខ្យល់ ទឹក ដី របស់របរប្រើប្រាស់ សំលៀកបំពាក់ និងនៅលើស្បែកមនុស្សនោះឡើយ វាអាចជ្រៀតចូលទៅក្នុងទឹកដែលអ្នកទុកចោលយ៉ាងរហ័ស។ ហេតុនេះហើយ អ្នកមិនគួរប្រើប្រាស់ទឹកឆ្អិន ដែលទុកចោលយូរពេកនោះទេ។

ទន្ទឹមនឹងនេះផងដែរ ប្រសិនបើអ្នកទទួលទានទឹកឆ្អិន ដែលទុកចោលយូរពេក អាចបង្កគ្រោះថ្នាក់ដល់សុខភាព ដោយសារតែជាតិអាស៊ីត អំបិលនីត្រាត ត្រូវបានផលិតនៅក្នុងទឹកឆ្អិន។ ជាពិសេស បន្ទាប់ពីមួយថ្ងៃ ទឹកនេះអាចផលិតអាស៊ីតអំបិលនីត្រាត ដល់ទៅ ០,០០៤ មីលីក្រាម ហើយបើអ្នកទុករហូតដល់រយៈពេល ៣ ថ្ងៃជាតិអាស៊ីតនឹងឡើងដល់ ០,០១១ មីលីក្រាម លើសពីនេះទៅទៀតបើអ្នកទុករហូតដល់ ២០ ថ្ងៃ អំបិលនីត្រាតអាចកើនរហូតដល់ទៅ ០,៧៣ មីលីក្រាម។ ដូច្នេះ អ្នកពុំគួរទទួលទានទឹកឆ្អិនដែលទុកយូរលើសពី៣ថ្ងៃនោះទេ។

អ្នកជំនាញបានណែនាំមិនឲ្យទទួលទានទឹកឆ្អិន ដែលទុកឲ្យត្រជាក់យូរពេកនោះទេ ព្រោះអុកស៊ីសែននៅក្នុងទឹកបាត់បង់ស្ទើរតែទាំងអស់ ហើយគុណភាពនៃទឹកឆ្អិនក៏ត្រូវបាត់បង់ដែរ។ ដើម្បីធានានូវទឹកស្អាត និងគ្មានមេរោគបាក់តេរី អ្នកមិនគួរទទួលទានទឹកដែលទុកយូរនោះឡើយ។

អាស្រ័យហេតុនេះ អ្នកគួរតែជៀសវាងការទទួលទានទឹកឆ្អិនដែលទុកចោលយូរពេក ហើយក្នុងករណីដែលអ្នកទទួលទានទឹកនៅក្នុងដបផ្ទាល់មាត់ គួរតែបោះចោលបើនៅសល់ ដើម្បីកាត់បន្ថយការឆ្លងមេរោគនៅពេលដែលអ្នកទទួលទាន៕

មតិយោបល់