ដើម្បីអនាម័យ និងបង្ការជំងឺផ្សេងៗ ស្ត្រីមេផ្ទះភាគច្រើនតែងតែមានទម្លាប់ប្រើថង់ប្លាស្ទិចច្រកអាហារឲ្យដាច់ដោយឡែកពីគ្នា ទើបរក្សាទុកក្នុងទូរទឹកកក។
ទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត Le Thi Hai ជាអ្នកជំនាញអាហារូបត្ថម្ភនៅប្រទេសវៀតណាម បាននិយាយថា ទម្លាប់នៃការប្រើថង់ប្លាស្ទិច ដើម្បីច្រកអាហាររក្សាទុកក្នុងទូរទឹកកក គឺជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាព។
ថង់ប្លាស្ទិចភាគច្រើនដែលមានលក់នៅលើទីផ្សារជារឿយៗត្រូវបានគេផលិតដោយបន្ថែមជាតិគីមីច្រើន ហើយប្រសិនបើអ្នកប្រើថង់វេចខ្ចប់ចំណីអាហាររក្សាទុកក្នុងទូរទឹកកករយៈពេលយូរ វាអាចបណ្តោលឲ្យបញ្ចេញលោហធាតុធ្ងន់ និងពពួកបាក់តេរីកាន់តែច្រើន។
បើយោងតាមអ្នកឯកទេសផ្នែកវេជ្ជសាស្ត្របានបង្ហាញទៀតថា នៅក្នុងទូរទឹកកកបាក់តេរីមិនស្លាប់នោះទេ គ្រាន់តែលូតលាស់យឺតៗ ឬឈប់លូតលាស់ តែជាតិពុលដែលចេញពីថង់ប្លាស្ទិចវិញមិនត្រូវបានបំផ្លាញឡើយ។ ដូច្នេះ នៅពេលដែលអ្នកយកអាហារចេញពីទូរទឹកកក បាក់តេរីនឹងលូតលាស់ធម្មតា ហើយអាចឆ្លងចូលទៅក្នុងរាងកាយបានយ៉ាងងាយ។
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន សម្រាប់ការថែរក្សាអាហារនៅក្នុងទូរទឹកកកឲ្យមានភាពត្រឹមត្រូវ៖
- ឧស្សាហ៍ពិនិត្យមើលលើអាហារ ប្រសិនបើខូចគុណភាពត្រូវយកចេញពីទូទឹកកកឲ្យអស់។
- អាហារថ្មី គួរដាក់ខាងក្នុង ហើយអាហារចាស់គួរប្រើប្រាស់ឲ្យអស់។
- គួរចេះប៉ាន់ប្រមាណរយៈពេលនៃការរក្សាអាហារ ដើម្បីជៀសវាងខូចគុណភាព។
- ទោះបីជាអាហារត្រូវរក្សាទុកក្នុងទូរទឹកកកក៏ដោយ អ្នកត្រូវទុកក្នុងក្រឡកែវបិទជិតមួយជាន់ទៀត។
- អាហារមួយចំនួនដូចជា ឈីស ឬត្រី គួរតែវេចខ្ចប់ដោយ ក្រដាសអាលុយមីញ៉ូម។
ប្រសិនបើអ្នកដឹងចង់ពីពត៌មានលម្អិតបន្ថែមទៀត គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញផ្នែកអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវ៕

ប្រភព៖ soha
មតិយោបល់