នៅពេលដែលរដូវរងាឈានចូលមកដល់ ស្បែករបស់យើងគ្រប់គ្នាតែងតែជួបបញ្ហាស្ងួត ខ្វះជាតិសំណើមដោយសារតែខ្យល់។ ជាពិសេស ប្រសិនបើអ្នកបណ្តែតបណ្តោយមិនចេះរក្សាស្បែកឲ្យបានទៀងទាត់ទេនោះ ស្បែកស្ងួតកាន់តែខ្លាំង រហូតប្រេះបែកស្រកាជាមិនខាន។ ទោះជាយ៉ាងណាកុំបារម្ភ ថ្ងៃនេះ Post Health នឹងធ្វើការចែករំលែកវិធីសាស្ត្រងាយៗក្នុងការថែរក្សាស្បែកមិនឲ្យស្ងួតប្រេះក្នុងរដូវរងាឡើយ ដោយប្រើប្រាស់ផ្លែឈើសាមញ្ញៗប៉ុណ្ណោះ។
ក្រូចពណ៌លឿង
១.លាយសាច់ប្រទាលកន្ទុយក្រពើ ២ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចពណ៌លឿង ១ស្លាបព្រាកាហ្វេ ឲ្យម៉ត់ក្លាយជាល្បាយ។
២.លាបនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វល្អ ហើយរងចាំឲ្យល្បាយធ្វើសកម្មភាពរយៈពេល១០នាទី។
៣.បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយកុំភ្លេចប្រើក្រែមផ្តល់សំណើមតាមក្រោយ។
៤.អនុវត្តយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ ស្បែកនឹងជៀសផុតពីភាពស្ងួត និងបែកស្រកា។
ចេក
១.គ្រាន់តែបកយកចេកមួយផ្លែ លាយជាមួយនឹងប្រេងដូងមួយស្លាបព្រាកាហ្វេ ឲ្យក្លាយជាល្បាយ។
២.លាបនៅលើផ្ទៃមុខ ហើយទុកឲ្យស្ងួត មុននឹងលាងជម្រះដោយប្រើទឹកក្តៅឧណ្ឌៗ។
៣.ប្រកន្សែងស្អាតជូតឲ្យស្អាត រួចប្រើក្រែមផ្តល់សំណើមដើម្បីការពារស្បែកស្ងួតដោយសរតែទឹកក្តៅ។
៤.ប្រើរូបមន្តមួយនេះមួយសប្តាហ៍ ២ដង ស្បែករបស់អ្នកនឹងជៀសផុតពីបញ្ហាស្បែកស្ងួត។
ក្នុងចំណោមវិធីទាំងពីរយ៉ាងខាងលើនេះ អ្នកអាចប្រើប្រាស់មួយណាក៏បានដែរ ក៏ប៉ុន្តែដើម្បីទទួលបានប្រសិទ្ធភាពសូមអនុវត្តជារៀងរាល់ពេលល្ងាចឲ្យបានទៀងទាត់៕
ប្រភព៖ boldsky
មតិយោបល់