បរទេសៈ ជំងឺដែលមានគ្រោះថ្នាក់បំផុត គឺមហារីកក្រពេញអូវែ ដែលត្រូវបានស្គាល់ថា ជាឃាតការលាក់មុខ ហើយធ្វើឲ្យមនុស្សស្រីមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលរងនូវផលប៉ះពាល់ដោយមិនដឹងខ្លួន។
បើយោងតាមអ្នកវិទ្យាសាស្ត្រជាច្រើននៅ សហរដ្ឋអាមេរិក បានបង្ហាញថា ការលាងសម្អាតទ្វារមាសដែលស្ត្រីមួយចំនួនអនុវត្ត ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើពួកគេមិនដឹង ពីរបៀបលាងសម្អាតតាមរយៈការបាញ់ទឹកអនាម័យ ឬវត្ថុរាវទេនោះ។
តាមរយៈការស្ទង់មតិ មានស្ត្រីចំនួន ២៩% ក្នុងចំណោម ២៣២នាក់ បានសារភាពថា ពួកគេបានលាងសម្អាតទ្វារមាសទៀងទាត់ ហើយ ៥៧%ទៀតនិយាយាថា ពួកគេមិនដែលធ្វើបែបនេះឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលអនុវត្ត អាចធ្វើឲ្យទ្វារមាសឡើងក្រហម, ប្រឈមនឹងជំងឺមហារីកមាត់ស្បូន, កាត់បន្ថយការមានកូន, ការឆ្លងមេរោគផ្សិត និងជំងឺរលាកអាងត្រគាក។
ស្ត្រីភាគច្រើនបានយល់ថា ការលាងសម្អាតអាចជួយឲ្យទ្វារមាសស្អាតល្អ ប៉ុន្តែការអនុវត្តបែបនេះបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាពិសេសស្ត្រីជាច្រើនមិនសូវខ្វល់ខ្វាយពីរោគសញ្ញាដែលកើតមានឡើងនោះឡើយ លុះត្រាតែជំងឺឈានដល់ដំណាក់កាលចុងក្រោយទើបទៅរកគ្រូពេទ្យ។
ទោះជាយ៉ាងណា ការសិក្សានេះអ្នកជំនាញបានស្រាវជ្រាវចំពោះតែអ្នកដែលគ្មានប្រវត្តិគ្រួសារកើតជំងឺមហារីកតែប៉ុណ្ណោះ៕
មតិយោបល់