ភាពតានតឹង គឺជាជំងឺមួយដែលកើតមានឡើងដោយសារតែការទទួលរងសម្ពាធពីការងារ ការសិក្សា ឬមានវិបត្តិអ្វីមួយដោះស្រាយមិនចេញ។ ការកើតមានភាពតានតឹងញឹកញាប់ពេកមិនល្អសម្រាប់សុខភាពនោះឡើយ ហើយអាចបង្កឲ្យមានជំងឺផ្សេងៗដែលអ្នកនឹកស្មានមិនដល់។ ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងតែទទួលរងឥទ្ធិពលពីភាពតានតឹង៖
១.កើតជំងឺសើស្បែក
តាមការស្រាវជ្រាវទៅលើសិស្សានុសិស្សជាច្រើនបានបង្ហាញថា ភាពតានតឹងផ្លូវចិត្ត អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបញ្ហាស្បែក។ ចំណែកឯការសិក្សាទៅលើសត្វកណ្តុរក៏ដូចគ្នាដែរ ខណៈដែលសត្វដែលមានភាពតានតឹងខ្លាំង គឺងាយនឹងឆ្លងជំងឺសើរស្បែក។ ភាគច្រើនមនុស្សដែលមានភាពតានតឹងអាចជួបបញ្ហា រលាកស្បែក មុន និងជំងឺសើរស្បែកផ្សេងៗទៀត។
២.ជ្រុះសក់
អ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋានថា ភាពតានតឹងអាចធ្វើឲ្យអ្នកជ្រុះសក់ ឬទំពែកក្បាល។ ប្រសិនបើអ្នកមានការកត់សម្គាល់ឃើញថា សក់របស់អ្នកកាន់តែតិចទៅៗ ហើយទោះជាប្រើវីតាមីនអ្វីក៏គ្មានឥទ្ធិពល គឺបញ្ជាក់យ៉ាងច្បាស់ថា បណ្តោលមកពីភាពតានតឹង។ ដូច្នេះ សូមព្យាយាមគ្រប់គ្រងភាពតានតឹងឲ្យបានល្អ បើចង់រក្សាសក់មិនឲ្យជ្រុះ។
៣.ឈឺក្បាល
អការឈឺក្បាលអាចបណ្តោលមកពីមូលហេតុច្រើនយ៉ាងដូចជា សម្ពាធឈាមទាប ឬខ្ពស់ រលាកសួត ការមានផ្ទៃពោះ និងបញ្ហាផ្សេងៗទៀត។ ប៉ុន្តែជួនកាលអាការឈឺក្បាលក៏អាចបណ្តោលមកពីអារម្មណ៍តានតឹងនៅកន្លែងធ្វើការ ឬវិបត្តិក្នុងគ្រួសារផងដែរ។
អាការឈឺក្បាលបែបនេះ មិនអាចលេបថ្នាំបាត់ទាំងស្រុងនោះទេ ហើយមិនយូរប៉ុន្មានវានឹងត្រលប់មកវិញម្តងទៀត។ វិធីល្អអ្នកគួរតែរកវិធីគ្រប់គ្រងភាពតានតឹងឲ្យបាន។
៤.គេងមិនលក់
ភាពតានតឹង គឺជាមូលហេតុចម្បងដែលធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នក។ អ្នកអាចគេងមិនលក់ ប្រសិនបើស្ថិតនៅក្រោមភាពតានតឹងយូរពេក។ ប្រសិនបើអ្នកប្រើថ្នាំងងុយគេងហើយនៅតែមិនអាចគេងលក់ទៀត ត្រូវតែមានការប្រុងប្រយ័ត្ន និងប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ការរកឃើញមូលហេតុនៅពីក្រោយខ្នង គឺជាកត្តាដ៏សំខាន់ក្នុងការលុបបំបាត់អាការគេងមិនលក់។
៥.ជំងឺសរសៃឈាមបេះដូង
អ្នកវិទ្យាសាស្ត្របានបង្ហាញថា ភាពតានតឹងរ៉ាំរ៉ៃ ក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលបង្កឲ្យកើតជំងឺសរសៃឈាមបេះដូងដែរ។ ជាពិសេសចំពោះអ្នកដែលរងសម្ពាធខ្លាំងពីការងារ ឬកត្តាផ្សេងៗជាញឹកញាប់ ធ្វើឲ្យស្ថានភាពបេះដូងកាន់តែអាក្រក់ទៅៗ។
ក្រៅពីនេះ បញ្ហាចំណង់ផ្លូវភេទទាប ពិបាកក្នុងការផ្តោតអារម្មណ៍ ជំងឺក្រពះពោះវៀន កើតផ្តាសាយជាញឹកញាប់ ការស្រកទម្ងន់ ក៏មានជាប់ទាក់ទងជាមួយនឹងភាពតានតឹងដែរ៕
ប្រភព៖ brightside
មតិយោបល់