ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យអ្នកនៅតែកើតមុន ទោះបីជាឆ្លងផុតយុវវ័យក៏ដោយ

ជាធម្មតាមនុស្សវ័យជំទង់ ដែលទើបនឹងឡើងខ្លួនតែងតែមានមុនលេចនៅលើផ្ទៃមុខ ដោយសារតែកម្រិតអ័រម៉ូនភេទកំពុងកើនឡើងខ្ពស់។ ទោះជាយ៉ាងណា អ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាមនុស្សមួយចំនួនដែលមានប្រពន្ធឬប្តីហើយ នៅតែចេញមុនទៀត? តាមពិតក្រៅពីអ័រម៉ូន នៅមានកត្តាជាច្រើនទៀតដែលធ្វើឲ្យពួកគេនៅតែកើតមុនរហូតដល់ចាស់ បើនៅតែមិនកែទម្លាប់ចេញ។

ឧស្សហ៍យកដៃអង្អែលមុខ ឬញិចមុន
អ្នកត្រូវដឹងថា ដៃពោរពេញទៅដោយបាក់តេរី និងភាពកខ្វក់ជាច្រើន ប្រសិនបើអ្នកប្រើដៃអង្អែលមុខ ឬញិចមុន វានឹងចម្លងចូលទៅកាន់ស្បែកមុខយ៉ាងងាយ។ ហេតុនេះ ដើម្បីជៀសផុតពីការកើតមុន អ្នកគួរតែលាងសម្អាតដៃឲ្យស្អាតជាមុនសិន ឬគួរតែបញ្ឈប់ទម្លាប់អង្អែល ឬញិចមុនតទៅទៀត។

លេបថ្នាំគ្រាប់វីតាមីនច្រើនពេក
វីតាមីន គឺជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ច្រើនពេក វានឹងជួយជំរុញឲ្យមុនផ្ទុះចេញមកក្រៅ។ វីតាមីន B1 B12 និងB6 គួរតែប្រើក្នុងកម្រិតត្រឹមត្រូវ ដើម្បីជៀសវាងស្ថានភាពខាងលើ ហើយប្រសិនបើចេញមុនអ្នកគួរតែផ្អាកការប្រើជាបន្ទាន់។

ទម្លាប់ការញ៉ាំ
ការញ៉ាំអាហារសម្បូរខ្លាញ់ដែលចម្អិនដោយប្រើវិធីបំពង ឬចៀន ធ្វើឲ្យកំដៅក្នុងខ្លួនរបស់អ្នកកើនឡើង និងបង្កើនការបញ្ចេញជាតិខ្លាញ់នៅលើស្បែក។ សូម្បីតែអាហារដែលសម្បូរជាតិស្ករ ក៏ជាសត្រូវនៃការរលាកស្បែកផងដែរ។ យកល្អ ដើម្បីជៀសផុតពីការកើតមុន អ្នកគួរតែកាត់បន្ថយអាហារទាំងប៉ុន្មានប្រភេទនេះ។

គ្មានអនាម័យ
មិនថា ទូរសព្ទ ភួយ ឬខ្នើយនោះទេ ប្រសិនបើអ្នកមិនបានធ្វើការសម្អាតឲ្យទៀងទាត់ទេ វានឹងធ្វើឲ្យកើតមុនដោយសារតែបាក់តេរី និងភាពកខ្វក់ជាច្រើន។ ព្រោះរបស់ទាំងនេះ អ្នកតែងតែប្រើយ៉ាងជិតស្និតនៅជាប់នឹងស្បែករយៈពេលយូរ។

ការប្រើគ្រឿងសម្អាង
មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំឲ្យកើតមុន គឺប្រតិកម្មអាឡែស៊ី ដោយសារតែការប្រើប្រាស់គ្រឿងសម្អាង។ ប្រសិនបើអ្នកសង្កេតឃើញផ្ទៃមុខខ្លួនឯងចេញមុនភ្លាមៗ បន្ទាប់ពីប្រើប្រាស់ផលិតផលគ្រឿងសម្អាង អ្នកគួរតែឈប់ប្រើទៀតទៅ។

ដើម្បីជៀសផុតពីស្ថានភាពនេះ អ្នកគួរតែសាកល្បងគ្រឿងសម្អាងថ្មីបន្តិចនៅលើតំបន់ណាមួយរយៈពេល ១៥នាទី មុននឹងប្រើប្រាស់នៅលើផ្ទៃមុខ។ ប្រសិនបើមានសញ្ញាមិនស្រួលដូចជារមាស់ ក្រហម ឬកន្ទួល ត្រូវឈប់ប្រើភ្លាម។

ការលាងសម្អាតផ្ទៃមុខ
ការលាងសម្អាតផ្ទៃមុខដោយគ្រាន់តែប្រើទឹកធម្មតា បរិមាណនៃប្រេងរអិលនឹងកើនឡើងលើស្បែក ហើយបណ្តោលឲ្យកើតមុន។ រីឯការលាងសម្អាតដោយប្រើផលិតផ្សេងៗញឹកញាប់ពេកក្នុងមួយថ្ងៃ ស្បែករបស់អ្នកនឹងបាត់បង់ជាតិប្រេងពីធម្មជាតិ ដែលបណ្តោលឲ្យស្ងួត បង្ករោគ និងកើតមុន។

យកល្អអ្នកត្រូវចាំថា ការលាងសម្អាតស្បែកមុខជាមួយនឹងសាប៊ូ ឬផលិតផលដែលអ្នកប្រើជាប្រចាំ មួយថ្ងៃត្រឹមតែ២ដង គឺគ្រប់គ្រាន់ហើយ៕

ប្រភព៖ soha

មតិយោបល់