ភ្នំពេញៈ អគ្គិភ័យមួយឆាបឆេះជំនៀងផ្ទះ ក្នុងផ្ទះល្វែងមួយកន្លែង បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនតូចនិងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង១០នាទី កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៨០ និង៨១ តាមបណ្តោយផ្លូវលេខ១៥ ក្នុងបុរីភពថ្មី ក្បែរនិងការដ្ឋានសំណង់ផ្សារទំនើបអ៉ីអនទី២ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្តីពីស្ត្រីម្នាក់បានឲ្យដឹងថា នៅក្នុងផ្ទះកើតហេតុ គឺមាននារីដែលជាឈ្នួលចំនួន៤ទៅ៥ដែលស្នាក់នៅក្នុងផ្ទះកើតហេតុ ដោយឡែតម្ចាស់ផ្ទះគឺមិនបានស្នាក់នៅក្នុងផ្ទះខាងលើនោះទេ។ ហើយនៅមុនពេលកើតហេតុគាត់រួមទាំងកូនឈ្នួលប៉ុន្មាននាក់ទៀត បាននាំគ្នាឡើងទៅសម្រាកនៅជាន់ខាងលើ ។ លុះដល់វេលាកើតហេតុស្រាប់តែគាត់ឮសំឡេងដូចជាមានអ្នកកុបកញ្ចក់និងឮសំឡេងស្រែកឆោឡោ បន្ទាប់មកគាត់ក៏បានរត់ចុះមកមើល ស្រាប់តែឃើញមានផ្សែង និងអណ្តាតភ្លើងចេញមកពីជំនៀងផ្ទះ និងឃើញមានប្រជាពលរដ្ឋកំពុងវាយបំបែកកញ្ចក់ទ្វានិងបង្អួចយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ប្រមាណជាជាង២០ បំពង់តែមិនរលត់។ ភ្លាមៗនោះក៏មានប្រជាពលរដ្ឋបានទាក់ទងសមត្ថកិច្ចមូលដ្ឋានក៏ដូចជារថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញចេញមកអន្តរាគមន៍បាញ់ពន្លត់អស់ចំនួនមួយគ្រឿងទើបរលត់ទៅវិញជាស្ថាពរ។
បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថានៅក្នុងករណីអគ្គិភ័យឆាបឆេះខាងលើនោះគឺបង្កឲ្យទ្រព្យសម្បត្តិនៅក្នុងផ្ទះរងការខូចខាតអស់មួយចំនួនតូច ចំណែកឯផ្ទះគ្រាន់រងការខូចខាតឆេះជាន់ផ្ទាល់ដីផ្នែកខាងមុខឆេះរោលមួយចម្អិនកំពឹសតែប៉ុណ្ណោះ ហើយជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ករណីអគ្គីភ័យខាងលើនោះ បង្កឡើងដោយសារតែទុស្សេចរន្តអគ្គិសនី។ ចំពោះមូលហេតុពិតយ៉ាងណានោះ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តទៀត៕
មតិយោបល់