មានមនុស្សភាគច្រើនមិនសូវចូលចិត្តផ្លែម្រះនោះទេ ព្រោះវាមានរសជាតិល្វីពិបាកលេប ជាពិសេសក្មេងតូចៗតែម្តង។ ក៏ប៉ុន្តែម្រះ គឺជាផ្លែឈើធម្មជាតិដែលសម្បូរទៅដោយវីតាមីន C ជាតិដែក បេតាការ៉ូទីន ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម ដែលល្អបំផុតសម្រាប់រាងកាយ និងស្បែក។ លើសពីនេះទៅទៀត វាអាចជួយរក្សាជាតិស្ករក្នុងឈាម កាត់បន្ថយកូឡេស្តេរ៉ុល សម្អាតថ្លើម ពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយសម្រកទម្ងន់។
អ្វីដែលកាន់តែអស្ចារ្យនោះ គឺម្រះមានផ្ទុកប្រូតេអ៊ីន និងសារធាតុប្រឆាំងការរលាក ដែលអាចព្យាបាលបញ្ហាស្នាមជ្រីវជ្រួញ កាត់បន្ថយមុន កាត់បន្ថយបញ្ហាកន្ទួលនៅលើផ្ទៃស្បែក។ល។
ខាងក្រោមនេះ គឺជារបៀបប្រើម្រះដើម្បីថែរក្សាស្បែកឲ្យស្រស់ស្អាត៖
ធាតុផ្សំ៖
- ម្រះមួយផ្លែ ចិតយកគ្រាប់ចេញ ហើយកិនម្រាញ់យកទឹក
- ប៉េងប៉ោះទុំមួយផ្លែ ឆ្កឹះយកគ្រាប់ចេញ ហើយច្របាច់យកទឹក
- ក្រូចឆ្មារមួយផ្លែ ច្របាច់យកទឹក
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់នៅក្នុកូនចានមួយ នៅក្នុងបរិមាណស្មើគ្នា។
២.បន្ទាប់ពីលាយបញ្ចូលគ្នាសព្វល្អហើយ អ្នកត្រូវលាបនៅលើផ្ទៃមុន និងក។
៣.ទុកឲ្យល្បាយនេះធ្វើសកម្មភាពពេញមួយយប់។
៤.លាងសម្អាតមុខ និងករបស់អ្នកចេញដោយប្រើទឹកក្តៅឧណ្ឌៗនៅពេលព្រឹក។
៥.អនុវត្តរបៀបនេះជារៀងរាល់ថ្ងៃ ដើម្បីឲ្យស្បែកភ្លឺរលោងស្អាត។
ការប្រើរូបមន្តមួយនេះជាប្រចាំ អាចជួយដោះស្រាយបញ្ហារន្ធញើសធំៗ កាត់បន្ថយមុន បញ្ហាកន្ទួលរមាស់ និងធ្វើឲ្យស្បែកមានសម្បុរភ្លឺរលោងស្អាត។ មិនតែប៉ុណ្ណោះ វាក៏មានសមត្ថភាពជួយកម្ចាត់កោសិកាស្បែកងាប់ៗ និងកាត់បន្ថយការផលិតប្រេងដែលលើសចេញពីស្បែកផងដែរ៕
ប្រភព៖ boldsky
មតិយោបល់