ភ្នំពេញៈ យុវជន២នាក់ បានជិះម៉ូតូ២គ្រឿងផ្សែងគ្នាយ៉ាងលឿន ខណៈដល់ផ្លូវកែងមិនប្រយ័ត្ន ក៏បានបុកទល់មុខគ្នាពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុងក្បែររោងចក្រអគ្គិសនី កែងផ្លូវបេតុងផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមេការសំនង់ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត ឃុំបារាយ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់(ភាគីខាងស្លាប់) ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BU-7924 បានធ្វើដំណើតែម្នាក់ឯង តាមបណ្ដោយផ្លូវបេតុងក្បែររោងចក្រអគ្គិសនី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ទៀត(របួសធ្ងន់) បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុគី ឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CT-5723 ដែលធ្វើដំណើតាមបណ្ដោយផ្លូវបេតុងផ្សារដីថ្មី ទិសដៅពីជើងមកត្បូង និងជិះបត់លឿនមិនប្រយ័ត្នផងដែរនោះ ក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យសួគា៌ និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជន រស្មី ។
បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោក ចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ រង់ចាំដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើ៕
មតិយោបល់