ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់នានាក្នុងមូលដ្ឋាន បានធ្វើការឃាត់ម៉ូតូចំនួន៣០គ្រឿង ដែលមិនគោរពច្បាប់ចរាចរណ៍ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងថ្នាំញៀន១កញ្ចប់តូច។
ប្រតិបត្តិការនេះ ធ្វើឡើតនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នៅត្រង់ចំណុចខាងមុខស្ថានីយ៍ព្រេងឥន្ធនៈ តេលា តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ គង់ ប្រាថ្នា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះជួល ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ឈ្មោះ លី តួ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅជាមួយគ្នា។
ប្រតិបត្តការនេះដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ តំណាង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ លោក គួក សុខហួរ អធិការរង តំណាងលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងការដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះពង្រឹងច្បាប់ចរាចរណ៍ខាងលើកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការចាប់ឃាត់ម៉ូតូចំនួន៣០គ្រឿងដែលក្នុងនោះមានម៉ូតូចំនួន២៤គ្រឿងជិះអត់ពាក់មួកសុវត្ថិភាព ម៉ូតូចំនួន៤គ្រឿងជិះអត់ដាក់កញ្ចក់មើលក្រោយ និងម៉ូតូចំនួន២គ្រឿងទៀតអត់ពាក់ស្លាកលេខ។ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ខាងលើ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក ស៉ីរ៉ូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AP-0054 ដោយជិះអត់ដាក់កញ្ចក់និងអត់មានពាក់មួកសុវត្ថិភាព ហើយសមត្ថកិច្ចក៏បានកាក់ឃាត់ហើយដោយមានការសង្ស័យសមត្ថកិច្ចក៏ធ្វើការឆែកឆេរក៏ប្រទះឃើញថ្នាំញៀនមួយកញ្ចប់តូចនៅលើខ្លួនជនសង្ស័យឈ្មោះ លី តួ ហើយក៏ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។
បច្ចុប្បន្នម៉ូតូ៣០គ្រឿងលើរួមទាំងម្ចាស់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការអប់រំនិងផាកពិន័យទៅតាមផ្លូវច្បាប់។ ដោយឡែកជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាក់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់