ធ្មេញមិនត្រឹមតែមានតួនាទីជួយកំទេសអាហារមុននឹងលេបចូលទៅក្នុងពោះនោះទេ វាថែមទាំងជួយលើកកម្ពស់ស្នាមញញឹមឲ្យកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិត។ ក៏ប៉ុន្តែប្រសិនបើធ្មេញខូច ការទំពារអាហារក៏មិនបានល្អ ហើយភាពទាក់ទាញក៏លែងមានទៀតដែរ។ ហេតុនេះ អ្នកត្រូវព្យាយាមថែរក្សាមាត់ធ្មេញឲ្យមានសុខភាពល្អ ជាពិសេសគួរជៀសវាងទម្លាប់អាក្រក់ទាំង ៥ចំណុចនេះ។
ទំពារទឹកកក
ទម្លាប់នៃការទំពារទឹកកក មិនត្រឹមតែមិនល្អសម្រាប់ធ្មេញប៉ុណ្ណោះទេ វាថែមទាំងអាចបំផ្លាញអញ្ចាញធ្មេញទៀតផង។ ការទំពារទឹកកក អាចមានគ្រោះថ្នាក់ដល់អញ្ចាញធ្មេញ ដែលជាអ្នកការពារធ្មេញ ហើយងាយប្រឈមនឹងហានិភ័យជំងឺពុកយ៉ាងខ្លាំងបំផុត។
លើសពីនេះទៅទៀតទឹកកក មានសីតុណ្ហភាពត្រជាក់ និងរឹងដូចដុំថ្ម នៅពេលអ្នកទំពារញឹកញាប់អាចបណ្តោលឲ្យធ្មេញត្រូវរងនូវសម្ពាធខ្លាំង។ យូរៗទៅធ្មេញអាចបាក់ ហើយពពួកបាក់តេរីមានឱកាសជ្រាបចូលទៅជ្រៅតាមជើងធ្មេញ ព្រមទាំងឬសធ្មេញធ្មេញផងដែរ។
បរិភោគអាហារជូរច្រើនពេក
ប្រភេទអាហារជូរ មានផ្ទុកជាតិអាស៊ីតជាច្រើនដែលអាចបណ្តោលឲ្យធ្មេញកើតមានសំណឹកដោយមិនដឹងខ្លួន។
នៅពេលដែលរាងកាយមានជាតិអាស៊ីតច្រើនហួសប្រមាណ វាអាចបណ្តោលឲ្យកើតជំងឺចាល់ជាតិអាស៊ីតនៅក្នុងក្រពះពោះវៀន និងអនុញ្ញាឲ្យទឹកអាស៊ីតចូលទៅក្នុងមាត់ធ្មេញយ៉ាងងាយ។ មិនយូរមិនឆាប់ធ្មេញរបស់អ្នកនឹងសឹករិចរិល ហើយនាំឲ្យកើតមានហានិភ័យនៃជំងឺពុកធ្មេញ។
ដុសធ្មេញខ្លាំងពេក
អ្នកឯកទេសផ្នែកសុខភាពមាត់ធ្មេញបានណែនាំឲ្យប្រើប្រាស់ច្រាស់ទន់ៗ ហើយជៀសវាងច្រាស់ដែលរឹង។ ម្យ៉ាងវិញទៀត នៅពេលដុសធ្មេញអ្នកមិនគួរធ្វើសកម្មភាពខ្លាំងៗពេកនោះទេ ព្រោះវាអាចធ្វើឲ្យខូចអញ្ចាញ និងឆាប់សឹកធ្មេញ។
បរិភោគអាហារក្តៅពេក
មិនថាអាហារត្រជាក់នោះទេ សូម្បីតែអាហារក្តៅក៏អាចបំផ្លាញអញ្ចាញធ្មេញរបស់អ្នកដែរ។ នៅពេលដែលអ្នកញ៉ាំអាហារក្តៅអាចបណ្តោលឲ្យរលាកអញ្ចាញធ្មេញ ហើយអាចស្រៀវធ្មេញពិបាកក្នុងការទទួលទានអាហារ។ លើសពីនេះទៅទៀត វាងាយនឹងធ្វើឲ្យកំណក់កំបោរនៅតោងជាប់តាមជើងធ្មេញ ហើយធ្មេញងាយនឹងមានប្រហោង។
មិនបានទៅពិនិត្យធ្មេញទៀងទាត់
មនុស្សភាគច្រើនតែងតែព្រងើយកណ្តើយចំពោះការថែរក្សាសុខភាពមាត់ធ្មេញ ហើយទុករហូតដល់មានករណីឈឺចាប់ធ្ងន់ធ្ងរទើបរកពេទ្យឲ្យជួយ។
នេះមិនមែនជាទម្លាប់ល្អនោះទេ បើធ្មេញខូចទៅហើយទោះពេទ្យពូកែយ៉ាងណាក៏មិនអាចជួយបានដែរ ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍ទៅពិនិត្យធ្មេញឲ្យបានទៀងទាត់ និងធ្វើការសម្អាតរៀងរាល់ ៦ខែម្តង ធ្មេញរបស់អ្នកនឹងមានសុខភាពល្អជានិច្ច។
លើសពីនេះទៅទៀត ប្រសិនបើអ្នកសម្គាល់ឃើញធ្មេញមានរោគសញ្ញាដូចជា រង្គើ ហូរឈាម ឈឺចាប់… គួរតែទៅជួបអ្នកជំនាញឲ្យបានឆាប់ ដើម្បីដឹងច្បាស់ពីមូលហេតុ និងធ្វើការព្យាបាលទាន់ពេល៕
មតិយោបល់