ព័ត៌មានសុខភាព

សារៈសំខាន់នៃការទទួលទានជាតិដែកក្នុងអំឡុងពេលមានផ្ទៃពោះ

មានឆ្ងល់ទេ ហេតុអ្វីបានជាគ្រូពេទ្យតែងតែផ្តល់ថ្នាំគ្រាប់ជាតិដែកដល់ស្ត្រីមានផ្ទៃពោះ? ការទទួលទានថ្នាំគ្រាប់ជាតិដែក ឬរបបអាហារដែលសម្បូរជាតិដែក ពិតជាមានសារ:សំខាន់ណាស់សម្រាប់សុខភាពអ្នកម្តាយ និងទារក។ ជាពិសេស វាអាចជួយកាត់បន្ថយហានិភ័យផ្សេងៗក្នុងពេលសម្រាល និងជំរុញដល់ការលូតលាស់របស់ទារក។

ក្រៅពីទទួលទានថ្នាំ អ្នកឯកទេសបានណែនាំឲ្យស្ត្រីមានផ្ទៃពោះគ្រប់រូបព្យាយាមញ៉ាំផ្លែឈើ និងបន្លែឲ្យបានទៀងទាត់ ដើម្បីទទួលបានវីតាមីន និងសារធាតុរ៉ែដែលត្រូវការ។ ការមានផ្ទៃពោះ បានដាក់សម្ពាធខ្លាំងទៅលើរាងកាយ ដូច្នេះការទទួលទានរបបអាហារសម្បូរអាហារូបត្ថម្ភ និងមានតុល្យភាព អាចជួយឲ្យរាងកាយមានដំណើរការល្អ។ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលអ្នកគួរតែទទួលយកជាតិដែកក្នុងអំឡុងពេលមានផ្ទៃពោះ។

ជំរុញដល់ប្រព័ន្ធភាពស៊ាំ
ជាតិដែកអាចពង្រឹងប្រព័ន្ធភាពទាំងទារក និងអ្នកម្តាយ ឲ្យមានភាពរឹងមាំ។ នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកម្តាយមានភាពរឹងមាំ មិនត្រឹមតែអាចបង្ការជំងឺចំពោះខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងទារកនៅក្នុងផ្ទៃក៏មានសុខភាពល្អដូចគ្នាដែរ។

ចាំបាច់សម្រាប់បង្កើតអង់ហ្ស៊ីម
ជាតិដែកត្រូវបានគេប្រើដើម្បីផលិតអង់សហ្ស៊ីមសំខាន់ៗនៅក្នុងខ្លួនរបស់ម្តាយ និងទារក ដែលអាចជួយដល់មុខងារជាច្រើនទៀតនៅក្នុងរាងកាយ។

ជួយបង្កើនឈាម
ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់យើងតម្រូវឲ្យមានឈាមច្រើនជាងធម្មតា។ ដូច្នេះជាតិដែក គឺជាអ្វីដែលស្ត្រីមានផ្ទៃពោះត្រូវការចាំបាច់បំផុតក្នុងការផលិតឈាមសម្រាប់តម្រូវការ។

ចាំបាច់ចំពោះទារកក្នុងអំឡុងត្រីមាសទីពីរ និងទីបី
ទារកត្រូវការប្រើប្រាស់ជាតិដែករបស់អ្នកម្តាយ ដើម្បីបង្កើតសាច់ដុំ និងជួយសំយោគប្រូតេអ៊ីន។ នេះហើយជាមូលហេតុដែលគ្រូពេទ្យជាច្រើន បានជំរុញឲ្យអ្នកម្តាយបង្កើនកម្រិតជាតិដែកតាមរយ:កាទទួលទានអាហារឲ្យបានច្រើន។

ជាតិដែកអាចកាត់បន្ថយហានិភ័យនៃផលវិបាកមួយចំនួន
នៅពេលមានជាតិដែកគ្រប់គ្រាន់នៅក្នុងឈាម ឱកាសនៃផលវិបាកចំពោះអ្នកម្តាយក្នុងអំឡុងពេលមានផ្ទៃពោះក៏មានតិចតួចដែរ។ ឈាមគ្រប់គ្រាន់ក្នុងរាងកាយអាចធានាដល់សុខុមាលភាពរបស់ម្តាយ ទោះបីជាមានការបាត់បង់ឈាមខ្លះក្នុងអំឡុងពេលសម្រាកក៏ដោយ។

ជាតិដែកអាចរក្សាកុមារឲ្យមានសុខភាពល្អ
ការទទួលបរិមាណនៃជាតិដែកគ្រប់គ្រាន់ អាចជួយឲ្យទារកមានការលូតលាស់សរីរាង្គផ្នែកខាងក្នុងបានល្អ។ មិនតែប៉ុណ្ណោះវាក៏អាចកាត់បន្ថយហានិភ័យនៃការកើតមុនពេលកំណក់ និងផលវិបាកដទៃទៀតអំឡុងពេលសម្រាល។

ជួយធានាឲ្យទារកឡើងទម្ងន់ត្រឹមត្រូវ
ទម្ងន់ស្រាល អាចប្រឈមនឹងអត្រាមរណភាពខ្ពស់សម្រាប់ទារក។ ប៉ុន្តែនៅពេលដែលអ្នកម្តាយទទួលបានជាតិដែកគ្រប់គ្រាន់ វានឹងជួយជំរុញដល់ការលូតលាស់ធម្មតា និងឡើងទម្ងន់ដែលមានសុខភាពល្អក្នុងពេលកើតមក៕

ប្រភព៖ boldsky

មតិយោបល់