ព័ត៌មានសុខភាព

ចូរប្រយ័ត្ន! អ្នកដែលធ្លាប់ប៉ះទង្គិចខួរក្បាល អាចប្រឈមនឹងជំងឺវង្វេងខ្លាំងនៅ៣០ឆ្នាំក្រោយ

ការស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលរងការប៉ះទង្គិចផ្នែកក្បាលដោយសារតែវត្ថុរឹងផ្សេងៗមានលក្ខណ:ធ្ងន់ធ្ងរ អាចបណ្តោលឲ្យមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកជំងឺវង្វេង ទោះបីជា ៣០ឆ្នាំក្រោយក៏ដោយ។

ការរងរបួសក្បាលដែលមានឈាមកកក្នុងខួរក្បាល គឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាព សម្រាប់អ្នកជំងឺនៅទូទាំងពិភពលោក ជាពិសេសមនុស្សវ័យក្មេងត្រូវប្រឈមហានិភ័យនៃជំងឺវង្វេងវង្វាន់នៅពេលចាស់ទៅ។

អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យនៃការធ្វើរោគវិនិច្ឆ័យជំងឺវង្វេងមានកម្រិតខ្ពស់បំផុតក្នុងអំឡុងពេលឆ្នាំដំបូង បន្ទាប់ពីរងរបួស។ ក្នុងអំឡុងឆ្នាំដំបូងដែលអ្នកជំងឺទទួលរងនូវការឈឺចាប់ខួរក្បាល មានគ្រោះថ្នាក់រហូតដល់ទៅ ៤ទៅ៦ដង បើធៀបទៅនឹងអ្នកដែលមិនមានការប៉ះទង្គិចខួរក្បាល។ ខណ:ដែលហានិភ័យមានការថយចុះទៅតាមពេលវេលា ប៉ុន្តែ៣០ឆ្នាំក្រោយ ជំងឺវង្វេងនៅតែអាចកើតមានឡើងដដែល។

ទោះបីជាយ៉ាងណា បន្ទាប់ពីរយ:ពេល ១៥ឆ្នាំ ហានិភ័យនៃការវិវត្តទៅរកជំងឺវង្វេងត្រូវបានគេរកឃើញកើនឡើងប្រហែលជា ៨០ភាគរយ ចំពោះអ្នកដែរងរបួសខួរក្បាលយ៉ាងហោចណាស់ម្តង បើធៀបជាមួយនឹងអ្នកដែលមិនរងរបួសខួរក្បាល។

អ្នកស្រាវជ្រាវ Anna Nordstrom មកពីសាលកវិទ្យាល័យ Umea ក្នុងប្រទេសស៊ុយអ៊ែត បាននិយាយថា ការប៉ះទង្គិចខួរក្បាល នៅតែមានអទ្ធិភាពវិវត្តទៅរកជំងឺវង្វេងបន្ទាប់ពី ៣០ឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះហានិភ័យនៃជំងឺវង្វេងកើតមានកាន់តែខ្ពស់ ប្រសិនបើអ្នកមានរបួសខួរក្បាលធ្ងន់ធ្ងរ ឬមានការប៉ះទង្គិចផ្នែកក្បាលជាញឹកញឹប់៕

ប្រភព៖ thehealthsite

មតិយោបល់