ព័ត៌មានសុខភាព

អាហារ៦យ៉ាង អាចជួយបង្កើនការរំលាយអាហារ និងបន្សាបជាតិពុល ក្នុងពេលតែមួយ

ការបណ្តែតបណ្តោយឲ្យប្រព័ន្ធរំលាយអាហារកើតមានបញ្ហា និងជាតិពុលកកុញនៅក្នុងរាងកាយកាន់តែច្រើនទៅៗ សុខភាពរបស់អ្នកច្បាស់ជាខ្សោយទ្រុឌទ្រោមបន្តិចម្តងៗ ហើយត្រូវប្រឈមនឹងជំងឺធ្ងន់ធ្ងរមិនខាន។ ហេតុនេះហើយ ដើម្បីទប់ស្កាត់ហានិភ័យចំពោះសុខភាព អ្នកត្រូវចេះការពារដោយខ្លួនឯង។ តើធ្វើដូចម្តេចទៅ ទើបអាចបង្ការហានិភ័យទាំងនេះបាន? បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា បញ្ហាទាំងពីរយ៉ាងខាងលើនេះអាចដោះស្រាយបាន ដោយមិនចាំបាច់ប្រើថ្នាំឡើយ គឺគ្រាន់តែអ្នកទទួលទានអាហារសាមញ្ញៗប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអាចបង្កើនការរំលាយអាហារ និងបន្សាបជាតិពុលចេញពីរាងកាយយ៉ាងមានប្រសិទ្ធភាពៈ

ខ្ទឹមបារាំង
ថ្វីបើយើងគ្រប់គ្នាស្អប់ក្លិនឈួលរបស់ខ្លួនបារាំងក៏ពិតមែន ប៉ុន្តែមនុស្សមួយចំនួនធំនៅតែចូលចិត្តទទួលទាន ដោយសារតែវាមានផ្ទុកវីតាមីន B1 ដែលអាចជួយដល់ការរំលាយអាហារ និងបណ្តេញជាតិពុលតាមរយៈទឹកនោម។

ក្រូចឆ្មារ និងសំបកក្រូចឆ្មារ
មិនថាតែសំបក ឬទឹករបស់ក្រូចឆ្មារនោះទេ សុទ្ធតែមានសមត្ថភាពជួយជំរុញដល់ដំណើការប្រព័ន្ធរំលាយអាហារទាំងអស់។ សូមចិតក្រូចឆ្មារទាំងសំបកជាចំណិតស្តើងៗដាក់ត្រាំទៅក្នុងទឹកស្អាត ឬទឹកតែ រួចទទួលទានជាប្រចាំ។

ខ្ទឹមស
អ្នកណាៗក៏ចូលចិត្តគ្រឿងទេសមួយប្រភេទនេះដែរ ព្រោះវាអាចធ្វើឲ្យអាហារមានក្លិនឈ្ងុយគួរឲ្យចង់ទទួលទាន។ ក៏ប៉ុន្តែក្រៅពីអត្ថប្រយោជន៍មួយនេះ ខ្ទឹមស អាចជួយរំញោចដល់ការរំលាយអាហារ ជាតិខ្លាញ់ និងជាតិស្ករ ក្នុងរាងកាយទាំងមូល។

ប៉េងប៉ោះ
ប៉េងប៉ោះ ត្រូវបានគេរកឃើញថា មានជាតិសរសៃខ្ពស់ និងកាឡូរីទាប ដែលអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ការទទួលទានប៉េងប៉ោះ អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងបណ្តេញជាតិពុលចេញពីរាងកាយផងដែរ។

ល្ង
គ្រាប់ធញ្ញជាតិមួយប្រភេទនេះ សម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីន ដែលអាចជួយកាត់បន្ថយកម្រិត អាស៊ីតទ្រីគ្លីសេរីត នៅក្នុងរាងកាយ។ ហេតុនេះប្រសិនបើអ្នកទទួលទានទៀងទាត់ អាចជួយសម្រកទម្ងន់បានដូចបំណង។

ខ្ញី
អ្នកណាមិនដឹងថា ខ្ញី គឺជាឱសថសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ ដ៏ពូកែសក្តិសិទ្ធនោះ។ ប៉ុន្តែក្រៅពីគុណប្រយោជន៍មួយនេះ ការទទួលទានតែខ្ញី មួយកែវជាប្រចាំ អាចជួយសម្រួលដល់ការរំលាយអាហារ ហើយជួយកម្ចាត់ជាតិពុលតាមរយៈរន្ធញើសថែមទៀត៕

មតិយោបល់