ការស្រាវជ្រាវមួយបានរកឃើញថា កង្វះវីតាមីន D ក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យទារកកើតមកមានជំងឺធាត់លើសទម្ងន់ក្នុងវ័យកុមារភាព ក៏ដូចជាពេលពេញវ័យផងដែរ។ លើសពីនេះទៅទៀតកង្វះវីតាមីន D អាចបង្កើនហានិភ័យនៃជំងឺបេះដូង មហារីក ក្រិនថ្លើម និងជំងឺទឹកនោមផ្អែមប្រភេទទី១។
លោកសាស្ត្រាចារ្យ Vaia Lida Chatzi មកពីសាកលវិទ្យាល័យ California សហរដ្ឋអាមេរិកបាននិយាយថា ប្រហែលជា ៩៥ភាគរយនៃវីតាមីន D ដែលផលិតនៅក្នុងខ្លួមនុស្ស គឺបានមកពីពន្លឺព្រះអាទិត្យ។ នៅសល់ចំនួន ៥ភាគរយទៀត គឺបានមកពីការទទួលទានស៊ុត ខ្លាញ់ត្រី ទឹកដោះគោ និងគ្រាប់ធញ្ញាជាតិផ្សេងៗ។
ចំពោះការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Pediatric Obesity បានធ្វើរោគវិនិច្ឆ័យទៅលើអ្នកម្តាយចំនួន ៥៣២នាក់ រកឃើញថា ប្រហែលជា ៦៦ភាគរយនៃស្ត្រីទាំងនោះមានកម្រិតវីតាមីន D មិនគ្រប់គ្រាន់ក្នុងត្រីមាសដំបូង ដែលជាពេលវេលាដ៏សំខាន់នៃការអភិវឌ្ឍសរីរាង្គរបស់ទារក។
លោកសាស្ត្រាចារ្យ Chatzi បានបន្ថែមទៀតថា ការទទួលវីតាមីន D ច្រើនក្នុងពេលមានផ្ទៃពោះដំណាក់កាលដំបូង អាចជួយការពារកូនមិនឲ្យកើតជំងឺធាត់លើសទម្ងន់នៅថ្ងៃអនាគត់៕
ប្រភព៖ thehealthsite
មតិយោបល់