ស្ត្រីភាគច្រើន តែងតែមានភាពអៀនខ្មាស់ច្រើន បើឈឺល្មមៗមិនសូវហ៊ានពិភាក្សាជាមួយគ្រូពេទ្យឡើយ លុះត្រាតែមានអាការធ្ងន់ធ្ងរ។ នេះហើយជាមូលហេតុមួយ ដែលធ្វើឲ្យជំងឺ វិវត្តកាន់តែខ្លាំងទៅៗ ពិបាកក្នុងការព្យាបាល ឬយឺតពេលក្នុងការព្យាបាលក៏មានដែរ។ ដូច្នេះ ប្រសិនបើអ្នក សង្កេតឃើញរោគសញ្ញាមួយចំនួន ដូចខាងក្រោមនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
១.នោមញឹក
អ្នកត្រូវដឹងថា ប្រេងកង់នៃការនោមជារៀងរាល់ថ្ងៃ មានកម្រិតប្រហែលជា ៤ទៅ ១០ដងប៉ុណ្ណោះ សូម្បីតែអ្នកទទួលទានទឹកបានគ្រប់គ្រាន់ក៏ដោយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នក មានការនោមញឹកញាប់ជាងធម្មតា គួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យភ្លាម ព្រោះការនោមញឹក គឺជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងតែមានបញ្ហាតម្រងនោម ឬបំពង់នោម។
រោគសញ្ញានេះ ក៏អាចបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងតែបាត់បង់តុល្យភាពអ័រម៉ូន ឬអតុល្យភាពទ្វារមាស។ លើសពីនេះទៅទៀត ការនោមញឹក និងស្រេកទឹកជាញឹកញាប់ អាចជាសញ្ញានៃជំងឺទឹកនោមផ្អែមផងដែរ។
២.ស្រកទម្ងន់ភ្លាមៗ
ប្រសិនបើអ្នកស្រកទម្ងន់ភ្លាមៗ បើទោះបីជាមិនធ្វើលំហាត់ប្រាណ ឬផ្លាស់ប្តូររបបអាហារទេនោះ អាចជាសញ្ញាមួយដែលអ្នកគួរតែស្វែងរកជំនួយពីវេជ្ជសាស្ត្រជាបន្ទាន់។
ការស្រកទម្ងន់ភ្លាមៗ ដោយគ្មានហេតុផល គឺជាសញ្ញាមួយដែលបង្ហាញថា អ្នកប្រឈមនឹងជំងឺរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីក…ជាដើម។
៣.ដុះរោមច្រើននៅផ្នែកផ្សេងៗនៃរាងកាយ
ក្នុងករណី ដែលអ្នកមានបញ្ហាដុះរោមច្រើននៅលើដៃ ជើង ដងខ្លួន និងផ្ទៃមុខ ជាសញ្ញាបញ្ជាក់ពីបញ្ហាអ័រម៉ូនបុរស កើនឡើងនៅក្នុងខ្លួនរបស់អ្នកលើសធម្មតា។
ស្ថានភាពបែបនេះ ប្រសិនបើមិនត្រូវបានព្យាបាលឲ្យទាន់ពេលវេលាទេ អាចនាំឲ្យប៉ះពាល់ដល់ការមានកូន បញ្ហាមេតាប៉ូលីស បង្កើនហានិភ័យជំងឺមហារីកសុដន់ និងជំងឺមហារីកស្បូនផងដែរ។
៤.ហូរឈាមក្រោយពេលអស់រដូវ
ក្រោយពេលអស់រដូវ ប្រសិនបើអ្នកសង្កេតឃើញមានការហូរឈាមខុសប្រក្រតី និងហូរឈាមដូចជាការមករដូវ សូមប្រុងប្រយ័ត្នឲ្យមែនទែន។ នេះអាចជាសញ្ញានៃជំងឺមហារីកមាត់ស្បូន មហារីកស្បូន ឬជំងឺស្បូនធ្ងន់ធ្ងរមួយផ្សេងៗទៀត។
៥.ដើមទ្រូងផ្លាស់ប្តូរមិនប្រក្រតី
ប្រសិនបើ នៅតំបន់ដើមទ្រូងរបស់អ្នកមានពណ៌ក្រហម ជ្រួញ ដុំពក ឬឈឺចាប់ដោយសារតែការប្រែប្រួលទំហំ អាចជារោគសញ្ញានៃជំងឺមហារីកសុដន់។ ក្រៅពីនេះ វាក៏អាចនាំឲ្យមានជំងឺមហារីកក្រពេញទឹករងៃ ផងដែរ ដូច្នេះអ្នកគួរតែប្រញាប់ធ្វើការព្យាបាលឲ្យបានឆាប់។
៦.វដ្តរដូវ មានការប្រែប្រួលខុសប្រក្រតី
ប្រសិនបើអ្នកសង្កេតឃើញការមករដូវរបស់អ្នក យូរជាងពេលធម្មតារហូតដល់៧ថ្ងៃ ឬមិនត្រឹមត្រូវតាមការបរិច្ឆេទ ឬក៏ផ្លាស់ប្តូរពណ៌នៃឈាមរដូវ ជាសញ្ញាដែលបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរហើយ។
កត្តានេះ អាចបណ្តោលមកពីការកើតមានដំគីសក្នុងស្បូន ជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺស្បូនជាដើម។ វាអាចបណ្តោលមកពីហ្សែនផងដែរ ក៏ប៉ុន្តែយកល្អអ្នកគួរតែទៅជួបជាមួយអ្នកឯកទេស ដើម្បីទទួលបានការវិនិច្ឆ័យបានត្រឹមត្រូវបំផុត៕
ដកស្រង់ពី៖ soha
មតិយោបល់