ភ្នំពេញៈ យោងតាមសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ ថា លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨កន្លងទៅ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ចោរវ័យក្មេងម្នាក់ នៅពន្ធនាគារជាបណ្តោះអាសន្នដើម្បីរង់ចាំបន្តនីតិវិធីនាពេលក្រោយ។
សមត្ថិច្ចបានឲ្យដឹងថា លោក ខាំ សុផារី ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើ ឈ្មោះ សួន ដារ៉ូ ហៅតាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរចោរ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទលួច ម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ កៅ សុខឃាង ភេទប្រុស អាយុ៣៩ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានខ្លួនជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ថាបានបាត់ម៉ូតូម៉ាក វ៉េវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-5567 កាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលរបស់ខ្លួនខាងលើ៕
https://youtu.be/U8NIvw1O_9c
មតិយោបល់