ស្ត្រីដែលមានទម្លាប់ជក់បារី អំឡុងពេលតាំងគភ៌ អាចរួមចំណែកដល់ការកើតជំងឺហឺត ធ្ងន់ធ្ងរ ចំពោះកុមារ នេះបើយោងតាមការសិក្សាមួយបានបង្ហាញ។
ការសិក្សាដែលបានចេញផ្សាយនៅក្នុងកាសែត CHEST បានឲ្យដឹងថា ការប៉ះពាល់ជាមួយនឹងផ្សែងបារី ក្នុងពេលតាំងភគ៌ អាចប៉ះពាល់យ៉ាងខ្លាំងទៅលើមុខងារនៃសួត ហើយធ្វើឲ្យកុមារកើតជំងឺហឺត។
អ្នកស្រាវជ្រាវមកពីសាសាវេជ្ជសាស្ត្រនៃទីក្រុងញូវយ៉ក បាននិយាយថា ការជក់បារីអំឡុងពេលតាំងគភ៌ អាចធ្វើឲ្យកុមារកើតជំងឺហឺត ដោយសារតែមុខងារនៃសួតរបស់ពួកគេចុះទន់ខ្សោយ ហើយការសិក្សាដទៃទៀតក៏បានបង្ហាញផងដែរថា ផលប៉ះពាល់នេះអាចមានឥទ្ធិពលទៅលើកុមារពេញមួយជីវិត។
អ្នកស្រាវជ្រាវបានធ្វើការវិភាគ ទំនាក់ទំនរវាងមុខងារនៃសួត និងប្រភេទនៃផលប៉ះពាល់ពីផ្សែងបារី ចំពោះកុមារដែលមានអាយុចាប់ពី ៦ដល់ ១១ឆ្នាំ ចំនួន ២,០៧០នាក់ នៅសហរដ្ឋអាមេរិក។ លទ្ធផលបានបង្ហាញថា ផ្សែងបារីមិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកម្តាយតែម្នាក់ឯងនោះទេ វាថែមទាំងធ្វើឲ្យកុមារកើតជំងឺហឺត ផងដែរ។
អ្នកជំនាញបានបន្ថែមទៀតថា ការប៉ះពាល់ជាមួយនឹងផ្សែងបារីមុនពេលសម្រាល អាចបណ្តោលឲ្យកុមារប្រឈមហានិភ័យ កើតជំងឺហឺត រហូតដល់ ២,៥ដង បើធៀបជាមួយនឹងកុមារដែលកើតចេញពីម្តាយមិនជក់បារី។
ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យកើតជំងឺហឺតចំពោះកុមារ អ្នកម្តាយគួរតែជៀសឲ្យឆ្ងាយពីបារីអំឡុងពេលតាំងគភ៌៕
ដកស្រងពី៖ thehealthsite
មតិយោបល់