កាលពីយប់ថ្ងៃទី៦ មីនា វេលាម៉ោងប្រមាណជា១២ យប់ ពិធីករវ័យក្មេងលោក ម៉ាសូ ត្រូវបានចោរ២នាក់តាមប្លន់ទូរស័ព្ទ និងវាយយ៉ាងទ្រមខ្លួន ដោយបិះនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតផង ប្រសិនបើរត់មិនទាន់ នៅលើចំណុចខាងមុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន ជិតស្ពានជ្រោយចង្វារ។ នេះបើយោងតាមការបង្ហោះរបស់លោក ក្រោយពីគេចផុតគ្រោះថ្នាក់ នៅលើហ្វេសប៊ុកទាំងពាក់កណ្ដាលយប់ ដែលធ្វើអោយម្នាក់ៗ មានការភ្ញាក់ផ្អើលជាខ្លាំង។
លោក ម៉ាសូ និយាយថា ក្នុងពេលដែលលោកចេញពីជប់លៀង ជាមួយមិត្តភ័ក្ត្រនៅផ្សារកុងតឺណឺមួយ ហើយមកដល់កន្លែងកើតហេតុ លោកក៏បានលើកទូរស័ព្ទអ្នកផ្ទះ។ ភ្លាមៗនោះក៏មានយុវជន២នាក់ជិះម៉ូតូទំនើបមួយ មកក្បែរបម្រុងនឹងឆក់យកទូរស័ព្ទ ប៉ុន្តែត្រូវបានលោកយកដាក់ក្រោមកំភ្លៅទាន់ ក៏ឈានដល់ប្រតាយប្រតប់គ្នារហូតដល់ដួលម៉ូតូ ក្នុងទីដ៏ស្ងាត់ជ្រងំនោះតែម្ដង។ លោកអះអាងក្រោយការបង្ហោះនោះថា ក្រោយការប្រតាបប្រតប់ យុវវជនទាំងពីរ បានបង្វែរពីការស្រវារយកទូរស័ព្ទ ដែលយកមកបាន ទៅជាព្រួតវាយលោកស្ទើរស្លាប់ ស្ទើររស់ទៅវិញ ដោយម្នាក់គួកឆ្អឹងខ្នង ហើយម្នាក់ទៀត បានយកមួកការពារមកវាយសំពងក្បាលលោកតែម្ដង។ ក្នុងហេតុការណ៍នោះ លោកថា មានមនុស្សចាស់ម្នាក់បានឃើញ ប៉ុន្តែលោកមិនហ៊ានជួយនោះទេ ដោយសារតែយុវជនទាំងពីរមើលទៅសាហាវ ខណៈដែលនៅចំណុចកើតហេតុនោះ គឺមិនមានប៉ូលិសយាមកាមសូម្បីតែម្នាក់ ដើម្បីអាចអោយពលរដ្ឋដែលបានឃើញស្រែករកអន្តរាគមន៍។
លោកបានស្រវារត់ចចេញពីម៉ូតូដើម្បីសុវត្ថិភាព ហើយបើកុំតែម៉ូតូរបស់លោកគឺម៉ាកធូដេ ដែលមិនមានល្បឿនលឿន ប្រហែលជាចោរទាំង២នោះ នឹងប្លន់យកម៉ូតូរបស់លោកទៅបាត់ហើយ ក្រោយការព្រួតវាយសំពង។ លោកថ្ងូរពីការឈឺខ្លួន និងក្បាល ក្រោយការព្រួតវាយ ដោយមិនទាន់ដឹងថា នឹងមានបញ្ហាអ្វីខ្លះ បន្ទាប់ពីការប្រតាយប្រតប់នោះទេ ខណៈដែលនេះ គឺជាលើកទី១ដែលលោកបានជួបប្រទះកណ្ដាលរាជធានី ដែលលោកនិយាយថា មិនគួរនៅត្រង់ចំណុចនោះ មិនមានប្រជាការពារ។
លោក ម៉ាសូ បន្តថាបើក្នុងយប់នោះ ក្រុមចោរទាំង២មានអាវុធ ឬមានកាំបិត ប្រហែលជាលោកត្រូវបានចាក់សម្លាប់នៅហ្នឹងកន្លែងបាត់ទៅហើយ ក្នុងពេលដែលលោក ក្រោយការរត់រួចក៏ចាប់ផ្ដើមភ័យខ្លួន ដែលតស៊ូប្រតាយប្រតប់ ដោយមិនខ្លាចគ្រោះថ្នាក់ នៅក្នុងយប់នោះ។ លោកទទូចអោយមានការដាក់កងកម្លាំងការពារសុវត្ថិភាព នៅចំណុចដែលបានកើតឡើងនោះ ដោយលោកប្រកាសថា ទីតាំងនៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ និងមុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន មិនគួរស្ងាត់ដល់ម្លឹងនោះទេ ត្រឹមម៉ោងទើបតែ១២យប់៕
មតិយោបល់