ព័ត៌មានសុខភាព

៥ពេល ទទួលទានទឹក មានប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព

ជាទូទៅ ការទទួលទានទឹក ៨កែវ ឬ២លីត្រ ក្នុងមួយថ្ងៃ អាចជួយឲ្យអ្នកមានសុខភាពល្អ និងជៀសផុតពីជំងឺមួយចំនួន។ ក៏ប៉ុន្តែ ចំនួននៃការទទួលទានទឹកពិតប្រាដក គឺអាស្រ័យទៅលើកត្តាផ្សេងៗ ដូចជា ការធ្វើសកម្មភាពបញ្ចេញញើសច្រើន អ្នកនឹងត្រូវការទឹកកាន់តែច្រើន ប៉ុន្តែសម្រាប់អ្នក ដែលធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ គឺមិនសូវត្រូវការទឹកនោះទេ។

ដូច្នេះ ស្តង់ដារនៃការទទួលទានទឹក ៦ទៅ៨កែវក្នុងមួយថ្ងៃ មិនសមស្របសម្រាប់មនុស្សគ្រប់គ្នាឡើយ ព្រោះមនុស្សខ្លះត្រូវការទឹកតិចជាង ៨កែវ ហើយអ្នកខ្លះទៀតអាចត្រូវការច្រើនជាងនេះ អាស្រ័យទៅលើស្ថានភាពជាក់ស្តែង។

ក៏ប៉ុន្តែ អ្នកដឹងទេថា តើគួរទទួលទានទឹកនៅពេលណាទើបល្អខ្លាំងបំផុតសម្រាប់សុខភាព? តាមពិតការទទួលទានទឹក បានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ណាស់ គ្រាន់តែការទទួលទាន តាមពេលវេលាខាងក្រោមនេះ អាចផ្តល់អត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព។

១.ទទួលទានទឹកពេលភ្ញាក់ពីគេង ជាពិសេសទឹកក្តៅឧណ្ឌៗ
ទម្លាប់ទទួលទានទឹក ១ ទៅ២កែវ នៅក្នុងអំឡុងពេលនេះ វាអាចជួយលើកកម្ពស់ដល់ការរំលាយអាហារ និងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ នៅពេលញ៉ាំអាហារពេលព្រឹក។

២.ទទួលទានទឹកមុនពេលញ៉ាំអាហារ
ការទទួលទានទឹក ១កែវ មុនពេលញ៉ាំអាហារទាំង៣ពេល ៣០នាទី អាចជួយឲ្យអ្នកសម្រកទម្ងន់បាន ដោយសារតែអ្នកមានអារម្មណ៍ឆ្អែតមិនសូវឃ្លាន។

៣.ទទួលទានទឹកពេលអស់កម្លាំង
ការទទួលទានទឹក ១កែវ នៅពេលដែលអ្នកអស់កម្លាំង មិនត្រឹមតែប្រមូលផ្តុំថាមពលត្រលប់មកវិញនោះទេ វាថែមទាំងជួយពង្រឹងខួរក្បាល ឲ្យមានសុខភាពល្អថែមទៀត។

៤.ទទួលទានទឹក មុន នឹងក្រោយពេលងូតទឹក
ការងូតទឹក អាចធ្វើឲ្យឲ្យរាងកាយងាយនឹងខ្សោះជាតិទឹក ជាពិសេសទឹកក្តៅឧណ្ឌៗ ដូច្នេះការទទួលទានទឹក ១កែវ មុន ឬក្រោយពេលងូតទឹក គឺជាទម្លាប់ដ៏ល្អបំផុតសម្រាប់ការបំពេញជាតិទឹកក្នុងរាងកាយឡើងវិញ។

៥.ទទួលទានទឹកមុនពេលគេង
ការទម្លាប់ទទួលទានទឹក ១កែវ មុនពេលចូលគេងប្រហែលជា ៣០នាទី អាចជួយបង្កើត ឬជួសជុលកោសិកាដែលខូចខាតឡើងវិញ ក្នុងអំឡុងពេលគេង។

ចំណាំ៖ ក្រោយពេលទទួលទានអាហាររួចភ្លាមៗ សូមកុំផឹកទឹកច្រើនពេក ព្រោះវាអាចបណ្តោលឲ្យខូចប្រព័ន្ធរំលាយអាហារ និងខ្សោយមុខងាររំលាយអហារ៕

ដកស្រង់ពី៖ soha

មតិយោបល់