ព័ត៌មានសុខភាព

សរីរាង្គ៥ប្រភេទ ងាយនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺទឹកនោមផ្អែម

ទឹកនោមផ្អែម ត្រូវបានគេចាត់ទុកជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងបំផុត ព្រោះវាអាចឆក់យកជីវិតមនុស្សដោយសន្សឹមៗ ហើយរហូតមកដល់ពេលនេះមិនទាន់មានអ្នកជំនាញរូបណា រកឃើញថ្នាំព្យាបាលឲ្យជាសះស្បើយនៅឡើយទេ។

ទន្ទឹមនឹងគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ជំងឺទឹកនោមផ្អែម ក៏អាចបង្កឲ្យមានផលលំបាកដល់សរីរាង្គសំខាន់ៗមួយចំនួននៅក្នុងរាងកាយផងដែរ។

សរសៃឈាមបេះដូង
ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែម ត្រូវប្រឈមនឹងហានិភ័យនៃជំងឺសរសៃឈាមបេះដូង? ព្រោះកម្រិតខ្ពស់នៃជាតិស្ករក្នុងឈាម អាចបង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺបេះដូង។ ដូច្នេះ អ្នកជំងឺទឹកនោមផ្អែម ត្រូវទាមទារឲ្យថែរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ។

ភ្នែក
នៅពេលកើតជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើងខ្ពស់ ហើយជាតិស្ករបន្តឡើងខ្ពស់រយៈពេលយូរ អាចបង្កឲ្យខូចខាតសរសៃឈាមតូចៗនៅក្នុងតំបន់រីទីណា។

លើពីនេះទៅទៀតសរសៃឈាម នឹងត្បៀតតូច ងាយនឹងទទួលរងនូវបញ្ហារលាក កាត់បន្ថយការផ្គត់ផ្គង់ឈាមទៅកាន់តំបន់រីទីណា ដែលបណ្តោលឲ្យភ្នែកចុះខ្សោយ។ ហានិភ័យនៃពិការភាពភ្នែក គឺមានកម្រិតខ្ពស់ប្រសិនបើគ្មានការព្យាបាល។

តម្រងនោម
នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ តម្រងនោមត្រូវបង្ខំឲ្យធ្វើការកាន់តែខ្លាំង និងបំផ្លាញសរសៃឈាមតូចៗ ដែលធ្វើឲ្យមុខងាររបស់វាមានភាពចុះខ្សោយ ព្រមទាំងក្លាយទៅជាជំងឺតម្រងនោម។

ក្រពះពោះវៀន
ប្រហែលជា ៥០ភាគរយនៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងអស់ គឺតែងតែមានបញ្ហាក្រពះពោះវៀន។ រោគសញ្ញានៃបញ្ហានេះ គឺដំណើរការរំលាយអាហារមិនល្អ និងចេះតែបន្ទោរបង់ញឹកញាប់។

ស្បែក
ជាតិស្ករក្នុងឈាមខ្ពស់ ក៏អាចនាំឲ្យសរសៃប្រសាទ និងប្រពន័ន្ធឈាមរត់ដំណើរការមិនល្អ ដែលធ្វើឲ្យស្បែកប្រែជាស្ងួត និងមិនងាយជាសះស្បើយ។ ជាពិសេស ជាតិស្ករក្នុងឈាម គឺជាលក្ខខណ្ឌអំណោយផលសម្រាប់បាក់តេរី ផ្សិត អភិវឌ្ឍនៅលើស្បែក។

វិធីទប់ស្តាត់ ផលវិបាក
អ្នកជំងឺអាចទប់ស្តាត់បញ្ហា និងការពារសរីរាង្គដទៃទៀតដោយប្រើថ្នាំរក្សាកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។ ម្យ៉ាងទៀត អ្នកជំងឺ ត្រូវព្យាយាមធ្វើលំហាត់ប្រាណ ឈប់ជក់បារី ផឹកស្រា ដើម្បីជួយកែលម្អរសុខភាពឲ្យប្រសើរឡើងវិញ៕

ដកស្រង់ពី៖ soha

មតិយោបល់