គ្រឿងស្រវឹង ត្រូវបានគេទទួលស្គាល់ថា គឺជាសត្រូវលេខ១ ចំពោះថ្លើម ហើយវាក៏បង្កឲ្យមានបញ្ហាសុខភាពផ្សេងៗទៀតផងដែរ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា គ្រឿងស្រវឹង មិនមែនជាភេសជ្ជៈដែលសាកសមសម្រាប់មនុស្សដែលមានជំងឺនោះទេ ដោយសារតែវាអាចធ្វើឲ្យជំងឺកាន់តែមានអាការធ្ងន់ធ្ងរ។ ជាពិសេស អ្នកដែលមានជំងឺដូចខាងក្រោមនេះ គួរតែជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង៖
ផ្លាស់ប្តូរសម្ពាធឈាម
អ្នកដែលមានសម្ពាធឈាមខ្ពស់ ជារឿយៗតែងតែមានការឈឺចាប់សន្លាក់ និងវិលមុខ ក្រោយពេលទទួលទានគ្រឿងស្រវឹង។ ប្រសិនបើអ្នកមានសម្ពាធឈាមទាបវិញ គឺវាធ្វើឲ្យសម្ពាធឈាមកាន់តែខ្សោយ ហើយអ្នកអាចមានបញ្ហាមើលមិនឃើញ ឬវិលមុខ។
កើតជំងឺផ្តាសាយ
នៅពេលកើតជំងឺផ្តាសាយ សីតុណ្ហភាពនៅក្នុងរាងកាយនឹងកើនឡើង ហើយមានអាការហៀរសំបោរថែមទៀត។ ខណៈនេះ ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង វានឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។
ជំងឺរាក
មនុស្សជាច្រើនដែលមានជំងឺរាករួស គួរតែឈប់ទទួលទានគ្រឿងស្រវឹង ព្រោះវាធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកកាន់តែខ្លាំង ស្របពេលដែលរាងកាយកំពុងតែត្រូវការទឹកជាចាំបាច់។ យកល្អ អ្នកគួរតែឈប់ទទួលទានគ្រឿងស្រវឹង ហើយព្យាយាមទទួលទានទឹកឲ្យបានច្រើន។
មនុស្សអាឡែស៊ី
មនុស្សមួយចំនួន សូម្បីតែទទួលទានគ្រឿងស្រវឹងតិចតួចក៏បណ្តោលឲ្យមុខឡើងក្រហមដែរ នេះបណ្តោលមកពីរាងកាយមានប្រតិកម្មអាឡែស៊ី។ ដំបូងកន្ទួលក្រហមតូចៗនេះលេចឡើងនៅលើតែផ្ទៃមុខប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានវានឹងរីករាលដាលទៅពេញខ្លួន។ យកល្អ អ្នកដែលធ្លាប់មានបញ្ហានេះ គួរតែឈប់ទទួលទានគ្រឿងស្រវឹងទៀតទៅ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ៕
ដកស្រង់ពី៖ soha
មតិយោបល់