ព័ត៌មានសុខភាព

ដឹងហើយច្បាស់ជាភ័យខ្លួន! មនុស្ស៥ប្រភេទ ប្រឈមនឹងជំងឺមហារីកពោះវៀនធំខ្លាំងបំផុត

ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយក្នុងចំណោមជំងឺមហារីកជាច្រើន ដែលបណ្តោលឲ្យមានអត្រាមរណ:ភាពខ្ពស់ ដោយសារតែការធ្វើរោគវិនិច្ឆ័យយឺតពេល។ ហេតុនេះហើយទើបអ្នកជំនាញបានធ្វើការព្រមានថា ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សទាំង ៥ប្រភេទនេះ ត្រូវមានការប្រុងប្រយ័ត្ន ឬឧស្សាហ៍ពិនិត្យសុខភាពឲ្យបានទៀងទាត់។

រលាក ឬដំបៅពោះវៀន
ជំងឺរលាក ឬដំបៅពោះវៀន គឺជាកត្តាមួយដែលនាំឲ្យមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ ប្រសិនបើអាការជំងឺនៅអូសបន្លាយយូរពេក។ អ្នកជំងឺទាំងនេះត្រូវអ្នកជំនាញលើសទឹកចិត្តឲ្យយកចិត្តទុកដាក់ចំពោះការព្យាបាល ក៏ដូចជាពិនិត្យតាមដានជំងឺ ឲ្យទៀងទាត់។

ប្រវត្តិគ្រួសារកើតជំងឺមហារីកពោះវៀនធំ
អ្នកដែលកើតក្នុងត្រកូលដែលមានជំងឺមហារីកពោះវៀនធំ ទៅថ្ងៃអនាគត់ត្រូវប្រឈមនឹងជំងឺនេះខ្ពស់ជាងអ្នកដទៃទៀត។ វិធីល្អ មានតែការពិនិត្យសុខភាពឲ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។

អ្នកដែលចូលចិត្តទទួលទានសាច់ក្រហម អាហារសម្បូរខ្លាញ់ និងសាច់អាំង
សាច់ក្រហម សាច់កែច្នៃ ត្រូវបានចុះក្នុងបញ្ជីអាហារដែលបង្កឲ្យកើតជំងឺមហារីក។ ដូច្នេះអ្នកត្រូវចេះកំណត់ការទទួលទានសាច់ក្រហម ឬប្តូរមកញ៉ាំត្រី មាន់ ឬសត្វស្លាបផ្សេងៗជំនួសវិញ។

លើសពីនេះ ពពួកអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ សាច់អាំងនៅលើភ្លើងដែលមានសីតុណ្ហភាពខ្ពស់ ក៏ជាដើមហេតុដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។

ភាពធាត់លើសទម្ងន់
ការលើសទម្ងន់ ឬធាត់ មិនត្រឹមតែបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងរន្ធគូថនោះទេ ប៉ុន្តែវាក៏ជាកត្តាដែលនាំឲ្យកើតមានហានិភ័យនៃជំងឺមហារីកផ្សេងៗទៀតដែរ។ ដូច្នេះ អ្នកគួរតែព្យាយាមរក្សាទម្ងន់ឲ្យមានតុល្យភាព តាមរយ:ការធ្វើលំហាត់ប្រាណ និងជៀសវាងអាហារដែលសម្បូរជាតិខ្លាញ់។
ក្រៅពីការលើសទម្ងន់ ទម្លាប់ជក់បារី និងផឹកស្រាក៏មានហានិភ័យខ្ពស់នៃជំងឺមហារីកពោះវៀនធំ ដូចគ្នាដែរ។

មនុស្សដែលមានអាយុលចាប់ពី ៤០ឆ្នាំ
តាមស្ថិតិបានបង្ហាញថា មនុស្សភាគច្រើនដែលកើតជំងឺមហារីកពោះវៀនធំ និងរន្ធគូថ គឺមានអាយុលើស ៤០ឆ្នាំ។ ដូច្នេះហើយ គ្រូពេទ្យបានណែនាំឲ្យមនុស្សដែលមានវ័យនេះ ធ្វើការពិនិត្យយ៉ាងហោចណាស់ម្តង ក្នុងមួយឆ្នាំ ដើម្បីរកមើលជំងឺ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា។

ទោះជាយ៉ាងណា មនុស្សដែលមានវ័យ ៤០ឆ្នាំ ប្រឈមនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ ទាបជាងមនុស្សដូចខាងលើ។ ចំពោះការកើតជំងឺនេះដែរ អាចព្យាបាលឲ្យជាសះស្បើយរហូតដល់ ៩៩ភាគរយ ប្រសិនបើអ្នករកឃើញសញ្ញាដំបូងរបស់វា៕

ដកស្រង់ពី៖ soha

មតិយោបល់