ព័ត៌មានសុខភាព

វិធីដោះស្រាយងាយៗ ពេលមានវត្ថុអ្វីចូលភ្នែក ដើម្បីជៀសវាងការឆ្លងមេរោគ និងហានិភ័យពិការភ្នែក

នៅមានកម្ទេចកម្ទីធូលីដី ឬសំរាមចូលក្នុងភ្នែកភ្លាមៗ មនុស្សភាគច្រើនច្បាស់ជាប្រដៃញើជាពុំខាន ព្រោះពួកគេយល់ថា ការធ្វើបែបនេះអាចជួយបណ្តេញវត្ថុទាំងនោះចេញពីភ្នែកវិញ។

ទោះជាយ៉ាងណា អ្នកជំនាញបាននិយាយថា អ្នកមិនត្រូវប្រើដៃញីនោះទេ ព្រោះវាអាចបណ្តោលឲ្យវត្ថុទាំងនោះចូលកាន់តែជ្រៅ ហើយអាចស្រវាំងភ្នែកក្នុងរយៈពេលខ្លី។

លើសពីនេះ ប្រសិនបើអ្នកទម្លាប់ឲ្យអ្នកដទៃផ្តុំ ដើម្បីបណ្តេញកម្ទេចកម្ទីចេញពីភ្នែក ក៏មានគ្រោះថ្នាក់ដែរ ដោយសារតែទឹកមាត់មានផ្ទុកបាក់តេរីច្រើន អាចធ្វើឲ្យភ្នែករលាក ហើយក្នុងករណីឆ្លងមេរោគធ្ងន់ធ្ងរភ្នែកអាចខ្វាក់បាន។

ដូច្នេះ ដើម្បីដោះស្រាយបញ្ហាវត្ថុចូលក្នុងភ្នែក អ្នកគួរប្រើវិធីសាស្ត្រដូចខាងក្រោម៖

១.ព្រិចភ្នែកឲ្យបានញឹកញាប់
នៅពេលមានវត្ថុអ្វីមួយចូលក្នុងភ្នែក ទឹកភ្នែកនឹងហូរចេញមកក្រៅ ហើយប្រសិនបើអ្នកព្រិចភ្នែក ឲ្យបានញឹកញាប់ទៀតនោះ វានឹងជួយជំរុញឲ្យវត្ថុទាំងនោះឆាប់ចេញមកក្រៅវិញ។

២.ព្យាយាមបង្វិលកែវភ្នកទៅឆ្វេងទៅស្តាំ
ពេលមានសំរាម ឬកំទេចកំទីចូលភ្នែក វានឹងជាប់នៅក្នុងស្រទាប់ត្របកភ្នែក ដូច្នេះការបង្វិលកែវភ្នែក ទៅឆ្វេងទៅស្តាំ ច្រើនដងអាចជួយនាំសំរាមទាំងនោះមកកៀនវិញ ដែលធ្វើឲ្យអ្នកងាយស្រួលក្នុងការយកចេញ។

៣.ប្រើទឹកស្អាត
អ្នកគួរព្យាយាមប្រើទឹកស្អាតបន្តក់ចូលក្នុងភ្នែកឲ្យបានច្រើនដង ព្រោះនេះជាវិធីងាយស្រួលមួយទៀត ដែលអាចលាងសម្អាតវត្ថុផ្សេងៗឲ្យរសាត់ចេញពីកែវភ្នែកបានយ៉ាងងាយ។

ក្នុងករណីវត្ថុចូលភ្នែក មានទំហំធំ ហើយមានលក្ខណៈមុតស្រួច អ្នកមិនគួរធ្វើអ្វីផ្តេសផ្តាសនោះទេ ព្រោះវាអាចបង្កឲ្យគ្រោះថ្នាក់ដល់កែវភ្នែក ដូច្នេះសូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕

ដកស្រង់ពី៖ soha

មតិយោបល់