ព័ត៌មានសុខភាព

ប្រយ័ត្ន! ញ៉ាំបាយហើយភ្លាមចូលគេងភ្លែត បង្កើនហានិភ័យដាច់សរសៃឈាមខួរក្បាល

បើយោងតាមការសិក្សាមួយដោយសាកលវិទ្យាល័យក្រិច (Greece) បានឲ្យដឹងថា ការប្រញាប់ចូលគេងលឿនពេកក្រោយពេលទទួលទានអាហារភ្លាមៗ អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។

បើទោះបីជាក្រោយពេលទទួលទានបាយហើយអ្នកមានអារម្មណ៍ងងុយគេងក៏ដោយ ក៏ប៉ុន្តែអ្នកឯកទេសផ្នែកសុខភាព បានព្រមានថា ការគេងភ្លាមៗក្រោយពេលទទួលទានអាហាររួច ជាពិសេសពេលល្ងាច អាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងបំផុត។

ហេតុអ្វី ទម្លាប់គេងភ្លាមៗក្រោយពេលញ៉ាំអាហារជារឿងដ៏មានគ្រោះថ្នាក់?
នៅពេលដែលអ្នកគេងភ្លាមៗក្រោយពេលទទួលទានអាហារ រាងកាយមិនបានសម្រាកគ្រប់គ្រាន់នោះទេ ហើយប្រព័ន្ធរំលាយអាហារត្រូវធ្វើធ្ងន់។ ទម្លាប់បែបនេះញឹកញាប់ពេកអាចបណ្តោលឲ្យអ្នកជួយបញ្ហារំលាយអាហារ ក្រហាយទ្រូង គេងមិនលក់ និងកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។

បើយោងតាមការសិក្សាទៅលើមនុស្សប្រមាណជា ៥០០នាក់ មានចំនួន ២៥០នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ មានជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែទម្លាប់ទទួលទានហើយចូលគេងភ្លាម។

លើសពីនេះទៅទៀត ការគេងភ្លាមៗក្រោយពេលទទួលទានបាយរួច អាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ កើនឡើងសម្ពាធឈាម កូលេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។

បន្ទាប់ពីទទួលទានអាហារ តើរយៈពេលប៉ុន្មានទើបគួរចូលគេង?
ការចូលគេង ២ទៅ ៣ម៉ោង ក្រោយពេលទទួលទានអាហាររួច គឺជាពេលវេលាដ៏ល្អបំផុត។ ព្រោះទម្លាប់បែបនេះអនុញ្ញាតឲ្យក្រពះធ្វើការរំលាយអាហារបានល្អ ហើយអាចកាត់បន្ថយអាការក្រហាយទ្រូង និងបញ្ហាគេងមិនលក់ថែមទៀត៕

ប្រភព៖ soha

មតិយោបល់