ព័ត៌មានសុខភាព

មនុស្សវ័យជំទង់ដែលមានការប្រែប្រួលក្រចកដៃ អាចប្រឈមនឹងជំងឺ៤យ៉ាង

ជាទូទៅយើងគ្រប់គ្នាតែងតែផ្តោតសំខាន់ទៅលើស្បែកមុខ ឬក៏សក់ ព្រោះវាឆាប់មើលឃើញពីបញ្ហាជាងគេង។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនសូវអើពើជាមួយនឹងបញ្ហាដែលបង្ហាញនៅលើក្រចកឡើយ។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា បញ្ហាដែលកើតមាននៅលើក្រចកដៃ ជាសញ្ញាព្រមាននៃកង្វះអាហារូបត្ថម្ភនៅក្នុងរាងកាយ និងជំងឺមួយចំនួន។

រាងកាយខ្វះជាតិដែក
ជាតិដែកអាចជួយបង្កើនអេម៉ូក្លូប៊ីន ដែលជាកោសិកាឈាមក្រហម សម្រាប់បញ្ចូនទៅកាន់ជាតិលិកាក្រចកថ្មី។ ប៉ុន្តែប្រសិនបើរាងកាយមិនបានទទួលជាតិដែក គ្រប់គ្រាន់ទេ ក្រចករបស់អ្នកមិនសូវលូតលាស់ មានសភាពស្ងួត ហើយពណ៌សស្លេក។

ប្រសិនបើអ្នកសង្កេតឃើញក្រចកមានសភាពបែបនេះ អ្នកគួរតែបន្ថែមអាហារដែលមានជាតិដែកឲ្យបានច្រើន ដូចជាស្ពៃ សណ្តែកសៀង អយស្ទ័រ ស៊ូកូឡាខ្មៅ…ជាដើម។

បរិមាណវីតាមីន B12 នៅក្នុងខ្លួនមិនគ្រប់គ្រាន់
កង្វះវីតាមីន B12 នៅក្នុងរាងកាយក៏អាចប៉ះពាល់ដល់សុខភាពនៃក្រចកដែរ ដូច្នេះក្រចរបស់អ្នកនឹងមានភាពស្ងួត ងាយផុយស្រួយបំផុត។
រាងកាយរបស់យើងមិនអាចសំយោគសារធាតុចិញ្ចឹម ដោយខ្លួនឯងបាននោះទេ គឺត្រូវការបន្ថែមអាហារដូចជាត្រីសាម៉ុន សាច់គោ ដំឡូងជ្វា ស៊ុត…ជាដើម។

ជំងឺថ្លើម
ក្រចកមានសុខភាពទន់ខ្សោយ ហើយឧស្សាហ៍បាក់ជាញឹកញាប់ ក៏អាចជាសញ្ញាមួយនៃជំងឺថ្លើម ដែរ។ ជាពិសេសក្រចករបស់អ្នកនឹងប្រែក្លាយទៅជាពណ៌លឿង ហើយស្បែកជុំវិញក្រចកមានសភាពរបកស្តើងៗ។

ដូច្នេះប្រសិនបើអ្នកសង្កេតឃើញលក្ខខ័ណ្ឌ ក្រចកខុសធម្មតាបែបនេះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។

ជំងឺក្រពេញទីរ៉ូអ៊ីត
ជំងឺក្រពេញទីរ៉ូអ៊ីត កើតឡើងនៅពេលដែលមុខងារនៃក្រពេញទីរ៉ូអ៊ីត មានបញ្ហា ដែលជះឥទ្ធិពលអាក្រក់ទៅលើការផលិតអ័រម៉ូន។ រោគសញ្ញានៃជំងឺនេះ ក៏ត្រូវបានគេរកឃើញជាលើកដំបូងនៅលើក្រចកដែរ ជាក្រចកដែលមានភាពផុយស្រួយ ងាយបាក់ និងរបកៗ។

ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយភ្លាម៕

ដកស្រង់ពី៖ soha

មតិយោបល់