ព័ត៌មានសុខភាព

៤សញ្ញា អ្នកកំពុងតែមានបញ្ហាថង់ប្រមាត់

តាមការសិក្សារបស់អ្នកជំនាញនៅសហរដ្ឋអាមេរិក បានរកឃើញថា ប្រហែលជា ២០ភាគរយ នៃស្ត្រីដែលមានអាយុ ៦០ឆ្នាំទទួលរងនូវជំងឺក្រួសក្នុងថង់ប្រមាត់ ហើយចំពោះបុរសដែលមានអាយុចាប់ពី ២០ទៅ ៦០ឆ្នាំមានហានិភ័យវិវត្តទៅរកជំងឺក្រួសក្នុងថង់ប្រមាត់នេះ រហូតដល់៣ដង។

ទោះជាយ៉ាងណា រោគសញ្ញានៃជំងឺក្រួសក្នុងថង់ប្រមាត់ដែលបង្ហាញនៅលើមនុស្សម្នាក់ៗមានភាពខុសៗគ្នា ហើយការព្យាបាលដែលមានប្រសិទ្ធភាពបំផុតសម្រាប់ក្រួសក្នុងថង់ប្រមាត់ គឺកាវះកាត់។ ដូច្នេះ ដើម្បីកុំឲ្យជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ ពិបាកព្យាបាល សូមស្វែងយល់ពីរោគសញ្ញាព្រមានមួយចំនួនដូចខាងក្រោម៖

១.ឈឺចាប់ក្នុងពោះ
ការឈឺពោះ ជាការព្រមានដ៏សំខាន់នៃជំងឺក្រួសក្នុងថង់ប្រមាត់ ជាពិសេសការឈឺចាប់កើតឡើងក្រោយពេលទទួលទានអាហារ ដែលសម្បូរខ្លាញ់ច្រើន។
អ្នកជំនាញបាននិយាយថា ការឈឺចាប់ធ្ងន់ធ្ងរនៅផ្នែកខាងស្តាំនៃពោះ ហើយរីករាលដាលទៅផ្នែកខាងក្រោយ និងខ្នងរបស់អ្នក។ នៅពេលដែលទឹកប្រមាត់ធ្វើសកម្មភាពរំលាយអាហារ និងជំរុញក្រួសចេញមកក្រៅ អាចបណ្តោលឲ្យឈឺខ្លាំងចន្លោះពី ៥ នាទី ទៅពីរបីម៉ោង។

២.ឆ្អល់ចុងដង្ហើម
អ្នកជំនាញបាននិយាយថា រោគសញ្ញានៃជំងឺក្រួសក្នុងថង់ប្រមាត់ គឺស្រដៀងទៅនឹងបញ្ហាក្រពះពោះវៀនដូចជា ក្រហាយទ្រូង ឈឺក្រពះពោះវៀន រមួលក្រពើ ប៉ុន្តែអ្នកជំងឺជាច្រើនមិនអើពើនឹងរោគសញ្ញានោះទេ។

ប៉ុន្តែប្រសិនបើរោគសញ្ញានៃជំងឺនេះ កើតឡើងញឹកញាប់ក្រោយពេលទទួលទានអាហាររួច វាអាចជារោគសញ្ញាដែលបង្ហាញថា បំពង់ថង់ប្រម៉ាត់ ត្រូវបានរាំងស្ទះទៅដោយក្រួស។

៣.ស្បែកមានពណ៌លឿង
នៅពេលដែលសារធាតុពណ៌លឿងដែលត្រូវផលិតចេញពីថ្លើម កើនឡើងកាន់តែខ្ពស់ទៅក្នុងចរន្តឈាម ស្បែក និងភ្នែក អាចប្រែក្លាយទៅជាពណ៌លឿង។ រោគសញ្ញាមួយនេះ ត្រូវបានគេសន្មត់ថា ជាជំងឺថ្លើម ក៏ប៉ុន្តែវាក៏អាចជារោគសញ្ញានៃបញ្ហាក្នុងថង់ប្រមាត់ដូចគ្នា។

៤.ទឹកនោមមានពណ៌ខ្មៅ ឬលាមករឹងគ្រាប់ៗ
អ្នកជំនាញបានបង្ហាញថា ការផលិតសារធាតុ bilirubin ក្នុងអំឡុងពេលរំលាយអាហារ ក៏អាចបង្កឲ្យទឹកនោមមានពណ៌លឿង និងពណ៌ត្នោតផងដែរ។ ក៏ប៉ុន្តែ ប្រសិនបើទឹកនោមមានពណ៌ខ្មៅងងឹង ហើយលាមករឹងដាច់ជាគ្រាប់ៗ អាចជាសញ្ញានៃបំពង់ប្រមាត់ដែលរារាំងដោយក្រួស។

ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាណាមួយដូចដែរបង្ហាញពីខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីរកវិធីដោះស្រាយដ៏ត្រឹមត្រូវ៕

ដកស្រង់ពី៖ soha

មតិយោបល់