មានមូលហេតុជាច្រើនណាស់ដែលបណ្តោលឲ្យកើតក្លិនខ្លួនអាក្រក់ គឺការកង្វះអនាម័យរាងកាយ វត្តមានបាក់តេរីនៅលើស្បែក ការបញ្ចេញប្រូតេអ៊ីន និងជាតិស្ករ តាមរយៈញើសច្រើនពេក។ ក៏ប៉ុន្តែ របបអាហារមួយចំនួនដែលយើងទទួលទានរាល់ថ្ងៃ ក៏ជាដើមហេតុមួយដែលនាំឲ្យកើតមានក្លិនខ្លួនមិនល្អដូចគ្នាដែរ។
បើយោងតាមគេហទំព័រ Food.ndtv បានចុះផ្សាយថា ខ្ទឹមបារាំង និងខ្ទឹមស ជាមូលហេតុដំបូងដែលនាំឲ្យមានក្លិនខ្លួនអាក្រក់ ប្រសិនបើអ្នកទទួលទានច្រើនពេក។ ដោយសារតែខ្ទឹមបារាំង មានផ្ទុកសារធាតុ ស្ពាន់ធ័រ និងខ្ទឹមស មានផ្ទុកសារធាតុ Allicin ដែលពួកវាតែងតែតោងជាប់នឹងខ្លួនប្រានរបស់យើង រយៈពេលជាច្រើនម៉ោង បន្ទាប់ពីទទួលទានរួច។
ស្រដៀងគ្នានេះដែរ អាហារហិរ ក៏រួមចំណែកធ្វើឲ្យកើតមានក្លិនខ្លួនដូចគ្នា។ នេះដោយសារតែពួកវាបង្កើនសីតុណ្ហភាពរាងកាយ ដូច្នេះបរិមាណនៃញើសនឹងចេញកាន់តែច្រើនឡើង ដែលធ្វើឲ្យរាងកាយនឹងចាប់ផ្តើមធំក្លិនមិនល្អ។ លើសពីនេះទៅទៀត អ្នកដែលចូលចិត្តទទួលទានគ្រឿងស្រវឹង មិនត្រឹមតែមានក្លិនខ្លួនអាក្រក់នោះទេ សូម្បីតែដង្ហើមក៏អាក្រក់ដែរ។
ដូច្នេះ ប្រសិនបើអ្នកចង់កាត់បន្ថយបញ្ហាក្លិនខ្លួន ឬក្លិនមាត់មិនល្អ អ្នកគួរតែព្យាយាមកាត់បន្ថយអាហារខាងលើនេះ៕
មតិយោបល់