អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Francis Crick Institute ទីក្រុងឡុងដ៍ បានរកឃើញថា ស្ពៃក្តោប ខាត់ណាផ្តា និងខាត់ណាផ្តាពណ៌ខៀវ មានផ្ទុកប្រូតេអ៊ីន ដែលអាចជួយទប់ស្តាត់វត្តមានរបស់ពពួកបាក់តេរី ដែលជួយជំរុញដល់ការអភិវឌ្ឍនៃជំងឺមហារីករន្ធគូថ ឬពោះវៀនធំ។
អ្នកដឹកនាំការស្រាវជ្រាវ លោក Gitta Stockinger បាននិយាយថា ការរកឃើញនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់មនុស្សគ្រប់រូប ព្រោះវាអាចរួមចំណែកដល់ការកាត់បន្ថយជំងឺមហារីក។
ក្រៅពីរកឃើញវិធីការពារមិនឲ្យមានការវិវត្តនៃជំងឺមហារីកពោះវៀនធំ លោក Stockinger និងសហការីរបស់លោក ក៏បានរកឃើងផងដែរថា បន្លែទាំងនេះមានសមត្ថភាពអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយអតិសុខុមប្រាណផ្សេងៗទៀតដែលយាយីដល់ប្រព័ន្ធរំលាយអាហារ។
ការធ្វើតេស្តទៅលើសត្វកណ្តុរ អ្នកជីវវិទូបានរកឃើញថា សារធាតុ Indole-3-carbinol(I3C) មានបរិមាណដ៏ច្រើននៅក្នុងស្ពៃក្តោប ខាត់ណាផ្តា និងខាត់ណាផ្តាពណ៌ខៀវ អាចបន្យឿតការរីកលូតលាស់នៃដុំសាច់មហារីកពោះវៀនធំ និងធ្វើឲ្យសត្វកណ្តុរមានសុខភាពល្អ។
សមាសធាតុ I3C អាចកាត់បន្ថយការរលាក និងធ្វើឲ្យប្រូតេអ៊ីនមានលក្ខណៈធម្មតា។ ហេតុនេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យមនុស្សគ្រប់រូបបន្ថែម បន្លែទាំងអស់នេះចូលទៅក្នុងរបបអាហារជាប្រចាំ៕
មតិយោបល់