ព័ត៌មានសុខភាព

អានអត្ថបទនេះចប់ អ្នកច្បាស់ជាមិនហ៊ានគេងតិចជាង ៦ម៉ោងនោះទេ

មនុស្សគ្រប់រូបអាចក្លាយទៅជាជនរងគ្រោះដោយសារតែបញ្ហាគេងមិនលក់ នៅដំណាក់កាលណាមួយនៃជីវិត។ ក្នុងមួយឆ្នាំៗ មានមនុស្សប្រហែលជា ៦០លាននាក់នៅទូទាំងពិភពលោក ដែលមានបញ្ហាគេងមិនលក់ ហើយនៅពេលពួកគេភ្ញាក់ឡើងតែងមានអារម្មណ៍អស់កម្លាំង និងមិនសប្បាយចិត្ត។ ការគេងមិនបានគ្រប់គ្រាន់រយៈពេលយូរ អាចនាំឲ្យមានផលវិបាកដល់សុខភាពជាច្រើន ដែលយើងមិនអាចដឹងមុនបានឡើយ។

គំរាមកំហែងដល់ជីវិត
បើយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ៩០ភាគរយ នៃអ្នកដែលគេងមិនលក់មានបញ្ហាសុខភាពដូចជា៖ ជំងឺទឹកនោមផ្អែម ចង្វាក់បេះដូងលោតខុសធម្មតា សម្ពាធឈាមខ្ពស់ កើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ជំងឺទាំងអស់នេះសុទ្ធតែអាចគំរាមកំហែងដល់អាយុជីវិតបានគ្រប់ពេលវេលា ប្រសិនបើមិនមានវិធីដោះស្រាយ។

មានបញ្ហាផ្លូវចិត្ត
បើតាមការស្រាវជ្រាវមួយបានបង្ហាញថា ការគេងតិចជាង ៦ម៉ោងក្នុងមួយថ្ងៃ អាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត និងធុញថប់ក្នុងអារម្មណ៍។ មិនតែប៉ុណ្ណោះ អ្នកស្រាវជ្រាវបានរកឃើញទៀតថា អ្នកដែលគេងមិនលក់ហាក់ដូចជាវិវត្តទៅរកជំងឺធ្លាក់ទឹកចិត្តជាងអ្នកគេងបានគ្រប់គ្រាន់រហូតដល់ ៥ដង។

ឆាប់ចាស់
ការគេងមិនបានគ្រប់គ្រាន់រយៈពេលយូរ គឺជាដើមហេតុមួយដែលបណ្តោលឲ្យស្បែកមានស្នាមជ្រួញ ខ្មៅស្រអាប់ រង្វង់ភ្នែកខ្មៅ និងកើតមុន។ នៅពេលដែលគេងមិនគ្រប់គ្រាន់ រាងកាយនឹងបញ្ចេញអ័រម៉ូន cortisol ច្រើនលើសលប់។ អ័រម៉ូន cortisol អាចបំផ្លាញស្រទាប់កូឡាជែន និងប្រូតេអ៊ីននៅក្រោមស្បែក ហើយទីបំផុតភាពចាស់នឹងលេចឡើងនៅលើផ្ទៃស្បែក។

ខ្សោយការចង់ចាំ
នៅពេលដែលយើងគេងមិនលក់ ខួរក្បាលអាចបង្កើតភាពច្របូលច្របល់ ហើយអាចចង់ចាំអ្វីៗបានរយៈពេលខ្លីប៉ុណ្ណោះ មិនយូរប៉ុន្មានអ្នកនឹងភ្លេចទៅវិញ។ ដូច្នេះ ប្រសិនបើអ្នកគេងមិនលក់រយៈពេលយូរ សមត្ថភាពនៃការចង់ចាំនឹងចុះខ្សោយបន្តិចម្តងៗ រហូតក្លាយជាជំងឺបាត់ការចង់ចាំ។

ឡើងទម្ងន់
ផលប៉ះពាល់មួយទៀតនៃការគេងមិនលក់ គឺបង្កើនចំណង់អាហារ និងនាំឲ្យរាងកាយមានភាពធាត់។ អ្នកដែលគេងតិចជាង ៧ម៉ោងក្នុងមួយយប់ ទំនងជាមានទម្ងន់កើនឡើងជាងអ្នកដែលគេងគ្រប់គ្រាន់ទ្វេរដង។ ដូច្នេះប្រសិនបើអ្នកមិនចង់ក្លាយទៅជាមនុស្សធាត់លើសទម្ងន់ដោយមិនដឹងមូលហេតុទេ សូមគេងឲ្យបានគ្រប់គ្រាន់៕

មតិយោបល់