ព័ត៌មានសុខភាព

អាហារ៧ប្រភេទ កុំទទួលទានឲ្យសោះនៅពេលអ្នកឈឺ

នៅពេលដែលរាងកាយអស់កម្លាំង ឬឈឺ អ្នកគួរតែព្យាយាមទទួលទានអាហារ និងទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយឲ្យរាងកាយឆាប់ជាសះស្បើយឡើងវិញ។

ក៏ប៉ុន្តែមានអាហារមួយចំនួន អ្នកមិនគួរទទួលទាននៅពេលកំពុងមានជំងឺនោះឡើយ ជាពិសេសអ្នកដែលមានជំងឺផ្តាសាយ ក្អក ឈឺបំពង់ក ឬមានបញ្ហាក្រពះ…. ព្រោះវាអាចបណ្តោលឲ្យជំងឺកាន់តែមានសភាពធ្ងន់ធ្ងរលើសដើម។

ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរតែជៀសវាងនៅពេលមានជំងឺ៖

កាហ្វេ
អ្នកមិនគួរផឹកកាហ្វេ នៅពេលមានជំងឺណាមួយនោះទេ ជាពិសេសអ្នកដែលមានបញ្ហាក្រពះ។ មូលហេតុដោយសារតែកាហ្វេ មានផ្ទុកជាតិកាហ្វេអ៊ីន ដែលជាថ្នាំបញ្ចុះទឹកនោម ដូច្នេះវាអាចធ្វើឲ្យអ្នកនោមច្រើន និងធ្វើឲ្យអ្នកខ្សោះជាតិទឹក។

លើសពីនេះទៅទៀត ជាតិកាហ្វេអ៊ីន អាចជំរុញសាច់ដុំក្នុងបំពង់រំលាយអាហារ ហើយធ្វើឲ្យអ្នករាគរូសកាន់តែខ្លាំង។

ទឹកក្រូចច្របាច់
អ្នកមិនគួរទទួលទានទឹកក្រូចច្របាច់ នៅពេលដែលមានជំងឺក្អក ឬឈឺបំពង់កនោះទេ ព្រោះទឹកក្រូចមានជាតិអាស៊ីត ដែលអាចធ្វើឲ្យរលាកភ្នាសនៃបំពង់ក បង្កឲ្យមានបញ្ហារបួស និងឈឺបំពង់ក។

អាហារផ្អែម
អ្នកដែលមានជំងឺផ្សេងៗ មិនគួរទទួលទានអាហារដែលមានរសជាតិផ្អែមខ្លាំងនោះទេ ជាពិសេសប្រសិនបើអ្នកមានបញ្ហាក្រពះ។ នេះក៏ដោយសារតែជាតិស្ករចម្រាញ់នៅក្នុងអាហារ អាចទប់ស្កាត់ជាបណ្តោះអាសន្ននូវកោសិកាឈាមសប្រឆាំងនឹងបាក់តេរី។

ការសិក្សាបានបង្ហាញថា ប៉ុន្មានម៉ោងក្រោយពេលញ៉ាំអាហារផ្អែមៗ ប្រព័ន្ធការពាររាងកាយចុះខ្សោយ និងមិនសូវមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងបាក់តេរី ដែលបណ្តោលឲ្យអ្នកឈឺកាន់តែខ្លាំង។

ភេសជ្ជៈប៉ូវកម្លាំង
នៅពេលដែលអ្នកកំពុងតែមានជំងឺណាមួយ ជាពិសេសជំងឺក្រពះ អ្នកពុំគួរទទួទានភេសជ្ជៈប៉ូវកម្លាំងនោះទេ។ មូលហេតុធំ ដោយសារតែភេសជ្ជៈប៉ូវកម្លាំង មានផ្ទុកជាតិកាហ្វេអ៊ីន ដែលបណ្តោលឲ្យរាងកាយបាត់បង់ជាតិទឹក ហើយប្រព័ន្ធភាពស៊ាំចុះខ្សោយមិនអាចទប់ទល់ជាមួយនឹងជំងឺបានឡើយ។

លើសពីនេះទៅទៀត ជាតិស្ករសប្បនិម្មិតនៅក្នុងភេសជ្ជៈទាំងអស់នោះ ប្រព័ន្ធរំលាយអាហារពិបាកក្នុងការរំលាយ ដែលធ្វើឲ្យអ្នកចុកមួលក្នុងក្រពះ និងរាគរូស។

គ្រឿងស្រវឹង
ជាតិអាល់កុលក៏មានផ្ទុកជាតិកាហ្វេអ៊ីន ដែលធ្វើឲ្យអ្នកខ្វះជាតិទឹកកាន់តែធ្ងន់ធ្ងរ ហើយមិនត្រូវបានណែនាំឲ្យអ្នកជំងឺណាមួយទទួលទាននោះឡើយ ជាពិសេសអ្នកមានជំងឺក្រពះ។ លើសពីនេះទៅទៀត ការសេពគ្រឿងស្រវឹងអាចបង្កើនប្រព័ន្ធរំលាយអាហារ ដែលអាចបណ្តោលរលាក ឬរាគ។

អាហារសម្បូរជាតិខ្លាញ់
អាហារដែលសម្បូរជាតិខ្លាញ់ច្រើន ប្រព័ន្ធរំលាយអាហារត្រូវដំណើរការច្រើនម៉ោង ដើម្បីធ្វើការរំលាយ ហើយវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ចង់ក្អួត និងឡើងជាតិអាស៊ីតក្នុងក្រពះ។

លើសពីនេះទៅទៀត វាអាចបណ្តោលឲ្យឈឺចាប់ដុំនៅក្នុងពោះវៀន ដែលបណ្តោលឲ្យអ្នករាគរូសកាន់តែធ្ងន់ធ្ងរ ដូច្នេះអ្នកមិនគួរទទួលទានអាហារសម្បូរខ្លាញ់នោះឡើយ ពេលកំពុងមានជំងឺក្រពះ។

អាហារហិរ
អាហារហិរ មិនត្រូវបានផ្តល់អនុសាសន៍នៅពេលដែលអ្នកមានជំងឺផ្តាសាយហៀរសំបោរនោះទេ។ អាហារហិរមានផ្ទុកសារធាតុ capsaicin ដែលរួមចំណែកធ្វើឲ្យអ្នកតឹងចម្រុះ និងហៀរសំបោរ។ ដូច្នេះប្រសិនបើអ្នកកំពុងតែផ្តាសាយហៀរសំបោរ គួរជៀសវាងអាហារហិរទាំងអស់ ព្រោះវានឹងធ្វើឲ្យស្ថានភាពនៃជំងឺកាន់តែអាក្រក់៕

មតិយោបល់