ព័ត៌មានសុខភាព

គួរឲ្យបារម្ភ! អង្គការពិភពលោក WHO ព្រមានការកើនឡើងនៃជំងឺមហារីកទូទាំងពិភពលោក

ជំងឺមហារីកជាង ១៨លានករណីត្រូវបានគេរំពឹងទុកនៅឆ្នាំនេះ ហើយប្រហែលជា ៩,៦លាននាក់នឹងស្លាប់។ តួលេខដ៏គួរឲ្យបារម្ភនេះ ត្រូវបានប្រកាសដោយទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក (IARC) នៅថ្ងៃទី ១២ ខែកញ្ញា។ ការស្ទង់មតិចុងក្រោយបំផុត បានបង្ហាញថា ចំនួនកើនឡើង ១៤,១លានករណីថ្មី និង ៨,២លានករណីស្លាប់ ក្នុងឆ្នាំ ២០១២។

អ្នកជំនាញបាននិយាយថា ជំងឺមហារីក អាចគំរាមកំហែងកាន់តែខ្លាំងឡើងដល់សុខភាពមនុស្សនៅជុំវិញពិភពលោក។ ជាមធ្យម ម្នាក់ក្នុងចំណោមបុរស ៥នាក់ និងស្ត្រី ៦នាក់ បានកើតជំងឺមហារីក ហើយបុរសម្នាក់ក្នុងចំណោម ៨នាក់ និងស្ត្រីម្នាក់ក្នុងចំណោម ១១នាក់បានស្លាប់ ដោយសារតែជំងឺនេះ។

នៅទូទាំងពិភពលោក តំបន់អាស៊ីជាប្រទេសដែលមានប្រជាជនកើតជំងឺមហារីក ជិតពាក់កណ្តោលនៃករណីថ្មី និងពាក់កណ្តោលស្លាប់នៅឆ្នាំ ២០១៨។ ចំណែកឯ នៅទ្វីបអឺរ៉ុប មានជិតមួយភាគបួននៃជំងឺមហារីកថ្មី និងមួយភាគប្រាំបានស្លាប់ បើទោះបីជាទ្វីបនេះមានចំនួនត្រឹមតែ ៩ភាគរយនៃប្រជាជនដែលកើតជំងឺមហារីកទូទាំងពិភពលោកក៏ដោយ។

ជំងឺមហារីកសួត គឺជាបុព្វហេតុចម្បងនៃការស្លាប់ចំពោះបុរស និងស្ត្រី ហើយវាជាមូលហេតុនាំមុខគេនៃការស្លាប់ដោយសារតែជំងឺមហារីក ក្នុងចំណោមស្ត្រីចំនួន ២៨ប្រទេសផ្សេងគ្នា។ ប្រទេសដែលមានអត្រាស្លាប់ដោយសារតែជំងឺមហារីកសួត ខ្ពស់បំផុត មានទ្វីបអាមេរិកខាងជើង និងខាងលិច ដាណឺម៉ាក ហូឡង់ ចិន អូស្ត្រាលី នូវែសេឡង់ និងហុងគ្រី គឺឈរលេខរៀងលើកំពូលតារាង។

តាមរបាយការណ៍ IARC ការរីករាលដាលនៃជំងឺមហារីក កាន់តែខ្លាំងឡើងចាប់ពីមនុស្សវ័យក្មេង រហូតដល់វ័យចំណាស់ ជាពិសេសប្រជាជនដែលស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍតែម្តង៕

មតិយោបល់