បរទេស៖ ខ្ញីមិនត្រឹមតែជាគ្រឿងទេសសម្រាប់បង្កើនរសជាតិអាហារប៉ុណ្ណោះទេ វាថែមទាំងជាឱថព្យាបាលបញ្ហារលាក, ក្រពះ, ចង្អោរ, ក្រហាយទ្រូង បង្កើនការរំលាយអាហារ…។ លើសពីនេះ ខ្ញីមានឥទ្ធិពលក្នុងការកែសម្ជស្ស ទាំងសក់ និងផ្ទៃមុខ ឲ្យមានភាពស្រស់ស្អាតថែមទៀត។
របៀបប្រើខ្ញីសម្រាប់ផ្ទៃមុខ
ខ្ញីអាចកម្ចាត់បញ្ហាស្បែកជាច្រើនដូចជាស្លាកស្នាម ជាពិសេសស្លាកស្នាមស្រាលៗដែលនៅសល់ពីការកើតមុន។ អ្នកអាចចិតខ្ញីជាបន្ទះស្តើងៗយកទៅបិទនៅលើស្លាកស្នាម រួចទុកឲ្យស្ងួតដោយខ្លួនឯង។ ប្រសិនជាអាច អ្នកត្រូវប្រើជាប្រចាំយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។ បញ្ហានឹងរលាយបាត់អស់ បន្ទាប់ពីអ្នកព្យាយាមអនុវត្តរយៈពេលពីរទៅបីខែ។
វិធីមួយទៀត អ្នកអាចលាយ ម្សៅខ្ញី, ទឹកក្រូចឆ្មាស្រស់ និងទឹកឃ្មុំក្នុងរបិមាណស្មើគ្នា។ បន្ទាប់មកលាបនៅលើផ្ទៃមុខឲ្យសព្វ ហើយទុក ៣០នាទីទើបលាងសម្អាតចេញ។ តែអ្នកត្រូវអនុវត្តឲ្យបានទៀងទាត់ពីរដងក្នុងមួយសប្តាហ៍។
របៀបប្រើខ្ញីសម្រាប់សក់
ខ្ញីអាចជួយកាត់បន្ថយការជ្រុះសក់ និងជំរុញឲ្យសក់ដុះលូតលាស់មកវិញ ហើយវាក៏អាចព្យាបាលបញ្ហាអង្គែលើស្បែកក្បាលបានដែរ។ អ្នកអាចត្រដុសខ្ញីស្រស់ ឬកិនឲ្យម៉ត ទទួលបានល្បាយផុកៗ យកមកលាបនៅលើស្បែកក្បាល បន្ទាប់មកទុកឲ្យស្ងួតទើបលាងសម្អាតចេញ។ អនុវត្តវិធីនេះរាល់ថ្ងៃ មិនយូរទេអ្នកនឹងឃើញលទ្ធផលហួសពីការស្មាន៕
មតិយោបល់