ភ្នំពេញៈ នៅម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលសំណង់ផ្សារសាមគ្គីខេត្តស្ទឹងត្រែង និងបានសាកសួរសុខទុក្ខអាជីវករ។
ផ្សារស្ទឹងត្រែង ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី ដោះស្រាយ និងស្ថាបនាជូនបងប្អូនអាជីវករទាំងអស់ ដោយគ្មានការយំស្រែក គឺមានតែសម្រែកហ៊ោកញ្រ្ចៀវ ភាពសប្បាយរីករាយ និងការស្រឡាញ់រាប់អានបំផុត រវាងមេដឹកនាំ និងប្រជាពលរដ្ឋជាអាជីវករ ផ្សារស្ទឹងត្រែង។ សម្តេចបានចំណាយពេល១ម៉ោង ក្នុងការជួបបងប្អូនអាជីវករផ្សារស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧នេះ។
គួររំឭកផងដែរថា កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ សម្ដេចបានជួបជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្ទឹងត្រែងរួចមក សម្ដេចបានបញ្ជាក់ថា “ខ្ញុំក៏បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារស្ទឹងត្រែង និងបានដោះស្រាយបញ្ហាផ្សារ ជូនពួកគាត់ដូចខាងក្រោម ៖
១-ខ្ញុំ និងសប្បុរសជនទទួលសាងសង់ផ្សារ និងតូបលក់ដូរជូនអាជីវករទាំងអស់គ្នា។
២-អាជីវករទាំងអស់អាចប្រកបរបររកស៊ីទទួលទាននៅក្នុងផ្សារនេះអស់មួយជីវិតតកូនតចៅអត់បង់លុយអ្វីឡើយ តែត្រូវបង់ពន្ឋ និងភាស៊ី ហើយជ្រើសរើសគណៈកម្មការផ្សារដោយខ្លួនឯង។ តែមិនចញ ប័ណ្ណកម្មសិទ្ឋិឲ្យទេ។
៣-ទំហំតូបនីមួយៗ គឺប្រហាក់ប្រហែលគ្នា (2mx2m) ហើយអាជីវករនីមួយៗនឹងទទួលបានចំនួនតូប ទៅតាមទំហំតូបដែលអាជីវករធ្លាប់មានពីមុនផ្សារឆេះ។ ប៉ុន្តែទីតាំងថ្មីអាចរំកិលចេញពីជួរទីតាំងចាស់ ឲ្យផុតពីផ្លូវសាធារណៈ។
៤-អាចមាននៅសល់ដីមួយចំនួន គឺនឹងសម្រួលផ្តល់ជូនអ្នកលក់ដូរតាមកញ្ច្រែងមួយចំនួន ដែលគ្នាត្រូវការលក់ដូរទទួលទានប្រចាំថ្ងៃដែរ។
៥-អាជ្ញាធរនឹងបិទប្លង់តូបនៅក្នុងផ្សារជូនអាជីវករឲ្យបានដឹងគ្រប់ៗគ្នា។
៦-ខ្ញុំសូមប្តូរឈ្មោះផ្សារនេះថា “ផ្សារសាមគ្គីស្ទឹងត្រែង” ចាប់ពីពេលនេះតទៅ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋអាជីវករទាំងអស់ជួបតែសំណាងល្អ និងមានតូបលក់ដូរក្នុងពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់