ភ្នំពេញៈ សកម្មភាពចោរគាស់ចេតិយ៍របស់ឪពុកកញ្ញា ឌួង ហ្សូរីដា នៅវត្តប្រាសាទខេត្តកណ្ដាល កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥កក្កដា នៅតែធ្វើឲ្យនាងហួសចិត្តដោយសារតែលុយកាក់ដែលនាងបានដាក់នៅក្នុងចេតិយ៍នោះ គឺមិនទំនងនឹងឲ្យចោរឈានដល់ការគាស់ទ្វារចេតីយ៍ទាល់តែសោះ។ ទន្ទឹមនឹងការអហោសកម្មឲ្យចោរដែលបានគាស់ចេតិយ៍ នាងក៏បានអរគុណដល់ចោរដែលចូលគាស់នោះផងដែរ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះការអរគុណរបស់នាង។
ឌួង ហ្សូរីដា និយាយថា ចំពោះរឿងហួសចិត្ត គឺបានហួសចិត្តហើយ នៅពេលដែលបានដឹងថា លោកចោរស្រាប់តែគាស់ចេតីយ៍ ដោយសារតែចង់បានលុយកាក់ដែលក្រុមកូនចៅ និងសាច់ញាតិ តម្កល់ទុកនៅក្នុងចេតីយ៍នោះ។ នាងថា លុយកាក់មិនច្រើនណាស់ណានោះទេ ហើយនាងក៏មិនស្ដាយផងដែរ ដោយគ្រាន់តែហួសចិត្តហេតុអ្វីក៏ចោរដល់ថ្នាក់ទៅគាស់ចេតីយ៍ ព្រោះតែចង់បានប្រាក់ដោយវិធីនោះ។ នាងមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងពាក់ព័ន្ធនឹងបញ្ហានោះទេ ដោយអ្វីដែលនាងភិតភ័យជាងគេ គឺខ្លាចគេចាក់ធាតុឪពុកនាងចោល ដែលធ្វើឲ្យនាងនឹងកើតនូវបញ្ហាវិប្បដិសារីនោះតែម្ដង។ អ៊ីចឹងហើយទើបនាងសប្បាយចិត្ត និងអរគុណចោរ នៅពេលឃើញធាតុមិនមានការប្រែប្រួលណាមួយ ក្រៅតែពីទ្វារចេតីយ៍របើក ហើយបាត់លុយកាក់ដែលបានតម្កល់នៅក្នុងនោះ។ នាងនិយាយថា ខ្លួននៅតែអរគុណចោរ ដែលយកតែលុយ ហើយមិនបានរើរុសនៅក្នុងចេតីយ៍ បណ្ដាលឲ្យធាតុរបស់ឪពុកនាងបាត់បង់។
នេះជាលើកទី១ ដែលនាងបានជួបនឹងហេតុការណ៍នេះ ហើយមុនពេលទៅដល់ចេតីយ៍ក៏ធ្វើឲ្យនាងមានអារម្មណ៍ហេលហាល ព្រោះតែខ្លាចមានការប៉ះពាល់ដល់ធាតុរបស់ឪពុកនោះផងដែរ។ ជាមួយនឹងការអរគុណ និងមិនបានប្រើពាក្យដាក់បណ្ដាសារដល់ចោរនេះ គេនៅតែចាត់ទុកថា ឌួង ហ្សូរីដា ជាតារាល្បីដែលមានភាពអំណត់ម្នាក់ ដែលផ្ទុយពីតារាខ្លះ បើបានប្រទះនឹងរឿងដ៏អាក្រក់នេះមែន គឺពិតជាត្រូវបង្ហោះឃ្លោងឃ្លាអមដោយបណ្ដាសារជាក់ជាមិនខាន។ អ្វីដែលគួរឲ្យសរសើរ គឺនាងមិនចាប់ទោសអូសដំណើរដល់ ហើយ ថែមទាំងបានបង្ហោះអរគុណចោរទៀត៕
មតិយោបល់