បរទេសៈ ការគេងគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះវាអាចជួយស្តារថាមពលឡើងវិញ ហើយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន។ ប៉ុន្តែ បើអ្នកគេងច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសទទួលរងនូវជំងឺ ៦មុខ។
១. ហានិភ័យនៃជំងឺបេះដូង
ការគេងច្រើនជាង ៨ម៉ោងក្នុងមួយថ្ងៃ គឺជាកត្តាបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺបេះដូង។ ជាពិសេសចំពោះស្ត្រី ព្រោះពួកគេមានទំនោរក្នុងការគេងច្រើនជាងបុរស ហើយត្រូវប្រឈមនឹងជំងឺសរៃឈាមបេះដូងកាន់តែខ្លាំង។
២. លើសទម្ងន់
ការសិក្សាជាច្រើនបានបង្ហាញថា ការគេងច្រើនពេកនឹងកើតមានបញ្ហាលើសទម្ងន់។ នេះដោយសារតែការបញ្ចេញសកម្មភាពបានតិច ការដុតបំផ្លាញ់កាឡូរីក្នុងរាងកាយក៏បានតិចដែរហើយទីបំផុតអ្នកនឹងជួបនូវបញ្ហាធាត់។
៣. ជំងឺទឹកនោមផ្អែម
ការគេងច្រើន ធ្វើឲ្យជាតិស្ករនៅក្នុងឈាមកាន់តែកើនឡើង រហូតដល់វិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២។
៤. ខួរក្បាលទទួលរងនូវផលប៉ះពាល់
យោងតាមការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តី American Geriatric Society(អាមេរិក) បានបង្ហាញថា ទម្លាប់នៃការគេងច្រើន អាចប៉ះពាល់យ៉ាងធ្ងរធ្ងរដល់មុខងារសរៃប្រសាទ។ ខណៈនេះ ខួរក្បាលធ្វើការបានតិច ហើយការបញ្ជារទៅលើមុខងាររាងកាយក៏មានភាពយឺតយ៉ាវដែរ។
៥. ហានិភ័យនៃការស្លាប់
អ្នកស្រាវជ្រាវមានប្រសាសន៍ថា មនុស្សដែលគេងច្រើនអាចនឹងឆាប់ស្លាប់។ មូលហេតុ ដោយសារតែការគេងច្រើនបង្កើនហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ប៉ុន្តែនេះជាជំងឺដែលអាចសម្លាប់មនុស្សបានច្រើនបំផុត។
៦. កើតជំងឺធ្លាក់ទឹកចិត្ត
ជាញឹកញាប់ជំងឺធ្លាក់ទឹកចិត្ត ត្រូវបានគេសង្កេតឃើញកើតមានចំពោះមនុស្សដែលចូលចិត្តគេងច្រើន។ ពីព្រោះទម្លាប់បែបនេះ ធ្វើឲ្យប្រព័ន្ធប្រសាទដំណើរការបានតិច ហើយអារម្មណ៍ខ្ជិលច្រអូសក៏កាន់តែកើនឡើងដែរ៕
មតិយោបល់