ព័ត៌មានជាតិ

រអិលគ្រួសចាក់ជុសជុលផ្លូវជាតិលេខ១ រថយន្ត២គ្រឿងបើកធ្លាក់ផ្លូវ

ស្វាយរៀងៈ ដោយសារតែគ្រួសចាក់ស្ថាបនាផ្លូវជាតិលេខ១ ធ្វើឲ្យរថយន្ត២គ្រឿងបើករអិលធ្លាក់ផ្លូវ មួយគ្រឿងធ្លាក់ចូលទឹកទន្លេវ៉ៃគោ តែសំណាងល្អមិនមានមនុស្សរងរបួស នោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា រថយន្ដ២គ្រឿងដែលបើករអិលធ្លាក់ផ្លូវនោះ មួយគ្រឿងម៉ាកឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២R-៤១៧៣ បើកដោយឈ្មោះ ផន ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅផ្សារជីភូ ក្រុងបាវិត និងមួយគ្រឿងទៀតម៉ាក នីសសាន់ណាវរ៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ.ព ២X-៤៧៩៨ បើកដោយឈ្មោះ ឡាយ សុផល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីរដិលគ្រួស ដែលមន្ទីរសាធារណការខេត្តធ្វើការជុសជុលផ្លូវជាតិលេខ១។

ពាក់ព័ន្ធនិងករណីខាងលើនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ សំណូមពរទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខណៈដែលមានការជុសជុលផ្លូវម្តងៗ ត្រូវដាក់ចំណាំងផ្លាតឲ្យបានត្រឹមត្រូវ ពិសេសនៅពេលយប់៕

https://youtu.be/py2wVA-jSp4

photo_2016-09-16_09-56-13

មតិយោបល់