អ៊ីរ៉ាក់ៈ យោងតាមមេបញ្ជាការនៃកងកម្លាំងប្រឆាំងភេរវកម្ម លោក Abdel Wahab al-Saedi បានឲ្យដឹងថា ភេវរករ ISIS សរុបចំនួន ១២៦ នាក់ ត្រូវបានសម្លាប់អំឡុងពេលប្រតិបត្ដិការរំដោះទីក្រុង Mosul ដោយកងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងប្រឆាំងភេរវកម្ម ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងនោះដែរ ភេរវករចំនួន ៤០ នាក់ ត្រូវបានសម្លាប់ ខណៈដែលពួកគេព្យាយាមរារាំងការឆ្ពោះដំណើរ របស់កងកម្លាំងអ៊ីរ៉ាក់ នៅតំបន់ភាគខាងកើតទីក្រុង Mosul ។
តាមក្រសួងការពារជាតិអ៊ីរ៉ាក់ បានប្រកាសថា សកម្មប្រយុទ្ធ Takfiris ៥៤ នាក់ ត្រូវបានសម្លាប់ អំឡុងពេលវាយប្រហារ តាមអាកាសរបស់រដ្ឋាភិបាល នៅក្នុងសង្កាត់ភាគខាងត្បូងទីក្រុង Mosul ។
តាមរបាយការណ៍ បានកត់សម្គាល់ឃើញថា រថយន្តភេរវកម្មជាច្រើន ត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារនេះ។
នៅព្រឹកថ្ងៃចន្ទនេះ យោធាអ៊ីរ៉ាក់ បានប្រកាសថា ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់ ៣២នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាស ដែលបានកំណត់គោលដៅលើពួកភេរវករ មានទីតាំងស្ថិតនៅភាគខាងលិចនៃទីក្រុង។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi បានប្តេជ្ញាថា លោកនឹងយក Mosul ជាទីក្រុងដ៏ធំទី២ របស់ប្រទេសអ៊ីរ៉ាក់ មកកាន់កាប់ឡើងវិញយ៉ាងពេញលេញឲ្យបានពីរដ្ឋអ៊ីស្លាមនៅចុងឆ្នាំនេះ៕
មតិយោបល់